ថ្មីៗ ! Zidane ត្រលប់​មក​ដឹកនាំ Real Madrid វិញ ក្រោយ​ចាកចេញ​អស់​រយៈ​ពេល​ជាង ៩ ខែ

ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​មុន​នេះ​បន្តិច​ជុំវិញ​ការ​ចាត់តាំង​សារ​ជា​ថ្មី​នូវ​អ្នកចាត់ការ​លោក Zinedine Zidane ជំនួស​តំណែង​របស់​លោក Santiago Solari។ បុរស​សញ្ជាតិ​បារាំង​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២២។

ការ​ចាត់តាំង​នេះ​ឆ្លើយតប​នឹង​ភាព​មិន​រីកចម្រើន​ក្រោម​ការ​ដឹកនាំ​របស់ Solari ក្រោយ​មិន​អាច​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ Copa del Rey និង Champions League។ ដោយ​ឡែក​ការ​ដែល​យក Zidane មក​ជំនួស​តំណែង​នេះ គឺ​ពិត​ជា​សក្តិសម​បំផុត​ក្នុង​នាម​ធ្លាប់​តែ​ជា​កីឡាករ​និង​អ្នកចាត់ការ​ដ៏​ល្បី​រន្ទឺ​មួយ​រូប។

រំឭក​ថា Zidane បាន​ចាប់​ផ្តើម​ដំបូង​កាល​ពី​ឆ្នាំ ២០១២ គ្រា​ដឹកនាំ​ក្រុម​ឈុត​តូច រហូត​ដល់​ខែ​មករា ឆ្នាំ ២០១៦ លោក​ក៏​បាន​ចាត់តាំង​ជា​គ្រូ​ឈុត​ធំ​ជំនួស​តំណែង Rafael Benitez។ ក្រោម​ការ​ដឹកនាំ​របស់​លោក រយៈ​ពេល​ជាង ២ ឆ្នាំ​លោក​កើប​បាន​ពាន​ចំនួន ៩ ក្នុង​ពាន​ទាំង ១៣ សរុប​ដែល Madrid មាន​ឱកាស​លើក ដោយ​រួម​មាន Champions League បី​សម័យ​កាល, LaLiga មួយ, European SuperCups ២, Club World Cups ២ និង Spanish Super Cup ១។

ប្រភព: BeSoccer

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds