KKIF ប្រកាសពីភាពជោគជ័យនៃកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ ជាមួយក្តីសង្ឃឹមថានឹងមានការគាំទ្រកាន់តែខ្លាំងបន្ថែមទៀត
(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រដាល់ «អាណាចក្រថ្នាលគុនខ្មែរ» លើកដំបូង ដែលរៀបចំដោយក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF នៅថ្ងៃដំបូងទទួលបានការគាំទ្រច្រើន ខណៈអ្នករៀបចំលោកឧកញា ស្រី ចាន់ថន សង្ឃឹមថាអ្នកគាំទ្រនឹងគាំទ្របន្តទៀត។
ថ្លែងក្នុងពីធីបើកដំណើរការនៅសង្វៀនអាណាចក្រថ្នាល់គុនខ្មែរ កាលពីថ្ងៃទី២៧ ខែតុលា លោកឧកញ៉ាស្រី ចាន់ថន ប្រធានក្លឹបគុនខ្មែរអន្តរជាតិ បានអះអាងនៅក្នុងថា ការប្រកួតនៅសង្វៀនអាណាចក្រថ្នាល់គុនខ្មែរនេះ ជាការបើកទំព័រសករាជថ្មីមួយទៀតក្នុងការផ្សព្វផ្សាយវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ ជាពិសេសពង្រឹងថ្នាក់ថ្នាលជំនាន់ក្រោយ ដែលជាអ្នកបន្តវេនទៅថ្ងៃអនាគត។
លោកបន្ថែមថា «ការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើងដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ដែលជាអ្នកបន្តវេនឱ្យចូលរួមថែរក្សាក្បាច់គុនបុរាណដ៏មានតម្លៃរបស់ខ្មែរ ហើយតាមរយៈការប្រកួតនេះ ក៏ជាការបណ្តុះធនធានកីឡាករគុនខ្មែរយើងថ្មីមួយទៀត ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយប្រដាល់គុនខ្មែរឱ្យបានទូលំទូលាយនិងល្បីល្បាញនៅលើឆាកអន្តរជាតិ និងពិភពលោកនាពេលខាងមុខ ផងដែរ»។
ក្រៅពីនេះលោកបានសរសេរ នៅក្នុងទំព័រហ្វេសបុករបស់លោកថា «សម្រាប់កម្មវិធីអាណាចក្រថ្នាលគុនខ្មែររបស់យើង គឺបានចាប់ផ្ដើមជាលើកទីមួយ ហើយជាលើកដំបូងសង្ឃឹមថាពុកម៉ែបងប្អូនចូលរួមនិងគាំទ្របន្តទៀត ហើយក៏សូមអធ្យាស្រ័យផងដែរសម្រាប់ការខ្វះខាតបញ្ហាផ្សេងៗ ក៏ដូចជាបញ្ហាបច្ចេកទេសណាមួយហើយក្រុមការងាររបស់ខ្ញុំបាទ និងកែតម្រូវឱ្យបានល្អជាងមុននៅកម្មវិធីបន្ទាប់ថ្ងៃសុក្រសប្តាហ៍ក្រោយនេះ»។
នៅក្នុងឱកាសនោះផងដែរ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអោយដឹងដែរថា ការរៀបចំឱ្យមានការប្រកួតអាណាចក្រថ្នាលគុនខ្មែរនេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់សហព័ន្ធក្នុងការបណ្តុះថ្នាក់ថ្នាលជំនាន់ក្រោយ សម្រាប់បន្តវេនប្រដាល់គុនខ្មែររបស់យើង។
លោកតែម ម៉ឺន បានថ្លែងថា «យើងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបណ្តុះបណ្តាលថ្នាលជំនាន់ក្រោយ គឺយើងជំរុញដល់ការលើកកម្ពស់សមត្ថភាព និងគុណភាព ដើម្បីឱ្យពួកគេក្លាយជាថ្នាលបន្តវេនគុនខ្មែរជំនួសរៀមច្បងជំនាន់មុនៗដែលចេះតែមានអាយុច្រើនទៅៗ ហើយការប្រកួតនេះ ក៏ដើម្បីផ្សព្វផ្សាយ និងរក្សាទំនៀមទម្លាប់ កេរដំណែល វប្បធម៌ប្រពៃណីនៃសិល្បៈក្បាច់គុនបុរាណខ្មែររបស់យើងឱ្យបានគង់វង្សផងដែរ»។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រដាល់អាណាចក្រថ្នាល់គុនខ្មែរ ត្រូវបានបង្កើតឱ្យមានជាផ្លូវការនៅលើសង្វៀននៃក្លឹបប្រដាល់កម្រឹតអន្តរជាតិ KKIF ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហើយកម្មវិធីដ៏ថ្មីសន្លាងនេះ បានផ្តោតសំខាន់លើការបណ្តុះបណ្តាលថ្នាលអ្នកជំនាន់ក្រោយ ដើម្បីឱ្យក្លាយទៅជាអ្នកបន្តវេនគុនខ្មែរនាថ្ងៃអនាគត ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់៕