ព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកទី៣
បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការណ៍កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ សម្តេច ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកទី៣។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ នឹងពិភាក្សាដើម្បីឆ្លងរបៀបវារៈចំនួន៤ដូចជា របៀបវារៈទី១៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ”។ របៀបវារៈទី២៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ របៀបវារៈ៣៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
របៀបវារៈទី៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម។
ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ធ្លាប់បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចំនួន២លើករួចមកហើយ។ លើកទី១ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា។ លើកទី២ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕