ទូតEU ៖ ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមរួមគ្នាជាសាកល ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans បានអោយដឹងថា «ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមរួមគ្នាជាសាកលដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធ ពីគ្រប់វិស័យដើម្បីកាត់បន្ថយ និងបន្ស៊ាំទៅនឹងផលប៉ះពាល់ អវិជ្ជមានផ្សេងៗ។
ការថ្លែងបែបនេះនៅក្នុងឱកាសចូលរួមក្នុងយុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើមឈើនៅទីក្រុងភ្នំពេញ ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) កាលពីចុងសប្តាហ៍កន្លងទៅ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បន្ថែមថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលងាយរងគ្រោះបំផុតដោយសារផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ការឆ្លើយតបរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុគឺជាការងារបន្ទាន់ដើម្បី បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្តារព្រៃឈើឡើងវិញ កាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ថាមពលបៃតង»។
ឯកអគ្គរដ្ឋទូតរូបនេះ បានវាយតម្លៃខ្ពស់លើការប្តេជ្ញារបស់កម្ពុជាចំពោះគោលនយោបាយបរិស្ថានដើម្បីធានាឱ្យបាននូវគំរូកំណើនសេដ្ឋកិច្ចបៃតងដែលប្រកបដោយភាពសុខដុមជាមួយនឹងបរិស្ថាន។ «ការសម្រេចបានអន្តរកាលបៃតងមិនមែនផ្អែកតែទៅលើរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យលើបុគ្គលគ្រប់គ្នា នឹងជាទំនួលខុសត្រូវរួមរបស់យើង»។
លោកបន្ថែមថា៖ «យើងអាចសម្រេចបាននូវគោលដៅអនាគត ដែលមានបរិស្ថានពោពេញដោយភាពបៃតងស្រស់បំព្រង បានតាមរយៈការធ្វើការរួមគ្នាហើយអ្នករាល់គ្នាត្រូវរួមចំណែក ធ្វើការងាររបស់ខ្លួន»។
សប្តាហ៍ការទូតអាកាសធាតុត្រូវបានចាប់ផ្តើមប្រារព្ធធ្វើឡើងជាជាលើកដំបូងសម្រាប់សាធារណជនកាលពីឆ្នាំ ២០១៩ ដែលគំនិតផ្តួចផ្តើមនេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់។ សហភាពអឺរ៉ុបនិងស្ថានទូតនៃប្រទេសសមាជិកនៃសហភាពអឺរ៉ុបជុំវិញពិភពលោកប្រារព្ធកម្មវិធីនេះដើម្បីជំរុញកិច្ច សន្ទនា និងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំនេះ កម្មវិធីសប្តាហ៍ការទូត អាកាសធាតុត្រូវបានប្រែឈ្មោះជា «សប្តាហ៍ការទូតបៃតង» ហើយនៅតែមានបំណងដើរតួនាទី ជាវេទិកាបង្ហាញពីរឿងរ៉ាវជោគជ័យ និងជំរុញឱ្យមានសកម្មភាពបន្ថែមទៀត។
ដោយឡែកយុទ្ធនាការសម្អាតទន្លេមេគង្គ និង ដាំដើមឈើ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ សហភាពអឺរ៉ុបទូទាំងអាស៊ានបានរៀបចំកម្មវិធីជាបន្តបន្ទាប់នៅក្នុងសប្តាហ៍ការទូតបៃតងរបស់សហភាព អឺរ៉ុបឆ្នាំ ២០២៣ ដែលមានយុទ្ធនាការសម្អាតទន្លេមេគង្គ និងការដាំដើមឈើដែលជាពិធីបិទនៃការប្រារព្ធកម្មវិធីនាឆ្នាំនេះ៕