មូលនិធិអភិវឌ្ឍន៍សមុទ្រចិនគាំទ្រដល់អាទិភាពចម្បងទាំង ៣ របស់ក្រសួងបរិស្ថានកម្ពុជា
គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក LV Bin ប្រធានមូលនិធិអភិវឌ្ឍន៍សមុទ្រចិន (Chinese Oceanic Development Foundation: CODF) នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួប ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីអាទិភាពទាំង៣ចំពោះមុខរបស់ក្រសួងបរិស្ថាន គឺទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥ លាននាក់។ អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយ អនុលោមទៅតាមគោលការណ៍គតិយុត្ត។
អាទិភាពទី៣ គឺជាការបូលបញ្ជូលរវាងអាទិ១និងទី២ ចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល។ អាទិភាពទាំងនេះ បានរៀបចំឡើងស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។
ជាមួយគ្នានេះដែរ លោក LV Bin ប្រធានមូលនិធិCODF បានវាយតម្លៃខ្ពស់ និងបានកោតសរសើរនូវគំនិតផ្តួចផ្តើម និងអាទិភាពការងាររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ហើយមូលនិធី CODF ឯកភាពនិងបញ្ជូនមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការសហការជាមួយគ្នាឲ្យជិតស្និតជាមួយមន្រ្តីជំនាញក្រសួងបរិស្ថាន ដើម្បីពិនិត្យលម្អិតលើកិច្ចការអាទិភាពខាងលើ និងរៀបចំគម្រោងជាក់ស្ដែងដើម្បីអនុវត្ត៕