រដ្ឋមន្រ្តីយុត្តិធម៌ ៖​ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការ អាទិភាព

សៀមរាប៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អះអាងថា​ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការ អាទិភាពជាប់ជាប្រចាំ ព្រោះកិច្ចការនេះមានសារៈសំខាន់ ដើម្បីលើកស្ទួយសង្គមនីតិរដ្ឋនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការថែរក្សា សន្តិសុខ ស្ថេរភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពសុខសាន្តរបស់ប្រជាជន ហើយនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ថ្លែងក្នុងពិធីប្រកាស មុខតំណែងប្រធានសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះថា  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បន្តថា «ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌» ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយសម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការអាទិភាពសំខាន់ៗចំនួន។

កិច្ចការអាទិភាពសំខាន់ៗរួមមាន ទី១-ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួល ដោះស្រាយវិវាទឱ្យបាន ឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាម តុលាការឱ្យបានឆាប់រហ័ស និងទី៣-ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿង ក្តីដោយតុលាការ។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា បើផ្អែកតាមចក្ខុវិស័យនៃការកែទម្រង់ និងបទពិសោធន៍ដែលមានពីសង្គម និងពិភពលោក ទៅថ្ងៃអនាគតអាច ក្នុងរង្វង់ ២០ ឆ្នាំទៀត កម្ពុជាប្រហែលត្រូវមានតុលាការថ្នាក់ស្រុក ដែលជាប្រភេទតុលាការ លហុ មានតួនាទីសមត្ថកិច្ចដោះ ស្រាយ បទល្មើស លហុ ឬបទល្មើសតូចតាច ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាយុត្តិធម៌ និងដោះស្រាយវិវាទជូនពួកគាត់បានលឿន និងទាន់ ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds