ឯកឧត្តម ឌី វិជ្ជា ប្រកាសគាំទ្រឯកឧត្តម សៅ សុខា ដែលបានទទួលយកមតិរិះគន់ពីមហាជន
ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រកាសគាំទ្រឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានទទួលយកមតិរិះគន់ពីមហាជនជុំវិញលទ្ធផលនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
តាមរយៈទំព័រហ្វេសបុករបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអោយដឹងថា ក្នុងនាមខ្លួនខ្ញ៉ំផ្ទាល់ សូមគាំទ្រនូវប្រសាសន៍ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា “គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បីដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ»។
ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងនេះ ខ្ញ៉ំសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា បន្តការគាំទ្រ និងលើកទឹកចិត្ត ដល់កីឡាករបាល់ទាត់ជម្រើសជាតិយើងថែមទៀត ព្រោះបើយើងសង្កេតមើលឱ្យដល់ធៀបទៅនឹង១០ឬ២០ឆ្នាំមុន គឺគ្រាប់បាល់យើងឱ្យគេនោះ មិនតិចជាង៥-១០គ្រាប់ទេ តែឥឡូវនេះឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ វិស័យកីឡាបាល់ទាត់ និងកីឡាករយើងមានការវិវត្តន៍ច្រើនណាស់ផងដែរ បើយើងមិនស្មើជាមួយគេ ឬយើងមិនឈ្នះគេ ក៏ត្រឹម១ឬ២គ្រាប់ ហើយមានពេលខ្លះយើងក៏ឈ្នះគេដែរ។
ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលស្រឡាញ់វិស័យកីឡាបាល់ទាត់កម្ពុជា និងបន្តការគាំទ្រលើកទឹកចិត្តកីឡាករយើង បន្ថែមទៅមុខទៀតផងដែរ៕