រោងចក្រ​ នៅភ្នំពេញ កំពង់ស្ពឺ និង​ខេត្តតាកែវ ចំនួន១៧ ត្រូវទឹកភ្លៀង ជន់លិច

ភ្នំពេញ៖ យ៉ាងហោចណាស់ មានរោងចក្រកាត់ដេរ ចំនួន ១៧ រោងចក្រ នៅភ្នំពេញ ខេត្តកំពង់ស្ពឺ និងនៅ​ខេត្តតាកែវ ត្រូវទឹកភ្លៀង ជន់លិច។ ក្នុងនោះ នៅភ្នំពេញ មាន ៤រោងចក្រ នៅខេត្តកំពង់ស្ពឺ ចំនួន ១០រោងចក្រ និងនៅខេត្តតាកែវ មាន ៣រោងចក្រ​។ នេះបើយោងតាមការផ្សាយ​របស់ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា នៅថ្ងៃទី១៨ ខែតុលានេះ ថ្នាក់ដឹកនាំក្រសួងការងារ បានចុះពិនិត្យរោងចក្រចំនួន ៣ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិច នៅខេត្តតាកែវ និងស្នើឱ្យគិតគូរចំពោះកម្មករនិយោជិត ដែលរងការលិចផ្ទះសម្បែង។ រោងចក្រកាត់ដេរ ចំនួន ៣ ដែលត្រូវទឹកភ្លៀង ជន់លិចនោះ ស្ថិត​នៅ​តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ នៅក្នុង​ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ រោងចក្រទាំងនេះ ត្រូវជំនន់ទឹកភ្លៀង ហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រោងចក្រសហគ្រាសទាំង ៣ ខាងលើ បានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក រហូតទឹកស្រកវិញ។

​កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសថា ទឹកជំនន់ បង្កដោយទឹកភ្លៀង បានជន់លិចរោងចក្រសហគ្រាស ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំនួន ១០រោងចក្រ និងលិច​ ៤រោងចក្រទៀត នៅក្នុង​ខណ្ឌកំបូល រាជធានីភ្នំពេញ។

​បណ្តារោងចក្រ​សហគ្រាសចំនួន ១០ ដែលជំនន់​ទឹកភ្លៀង ជន់លិច នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺស្ថិត​តាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៨ និងរោងចក្រចំនួន ៤ នៅក្នុងតំបន់សេដ្ឋកិច្ច​វីលស៊ុន ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ អំឡុងពេលពិនិត្យស្ថានភាពទឹកជំនន់ បង្កដោយទឹកភ្លៀង លិចរោងចក្រកាត់ដេរទាំងនេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំដល់រោងចក្រសហគ្រាស បន្តយក​ចិត្តទុកដាក់ សម្របសម្រួល និងគិតគូរអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេង​ៗ ​សម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។

ដោយឡែក ចំពោះកម្មករ​និយោជិត ដែលមានផ្ទះ រងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងនៅរាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រសហគ្រាស និងស្នើសុំឱ្យ​ពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយ​អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិត ផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសកាលពីថ្ងៃទី១៧ ខែតុលាថា រោងចក្រចំនួន ៤ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ គឺ​ជំនន់ទឹកភ្លៀង មិនប៉ះពាល់ដល់សង្វាក់ផលិតកម្ម​ឡើយ ដោយរោងចក្រសហគ្រាស បានបើកដំណើរការជាធម្មតា ក្រោយពីធ្វើការសម្អាត​រួចរាល់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds