ថ្នាក់ដឹកនាំចិន គាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧
ប៉េតាំង៖ ថ្នាក់ដឹកនាំចិន បានបង្ហាញការជឿជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត ហើយក៏បានបញ្ជាក់អំពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣នេះ លោក ឆាយ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។ តាមរយៈកិច្ចពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ នាឱកាសនេះ លោកបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត។
លោក ឆាយ ឈី ក៏បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រ ដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ និងបានរំឭកផងដែរអំពីសមិទ្ធផល ដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ឆ្នាំកន្លងមកនេះ តួយ៉ាងដូចជា៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម់ាណែត បានថ្លែងអំណរគុណលោក ឆាយ ឈី ដែលបានឆ្លៀតជួបគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចថា« នេះគឺជាឱកាសលើកទី ២ ដែលសម្តេចធិបតី បានដឹកនាំគណៈ ប្រតិភូមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី ៧ កាលពីខែសីហា ឆ្នាំ ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តនូវមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន»។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានរឹងមាំ និងយូរអង្វែង៕