១ឆ្នាំនេះ គណៈមេធាវីកម្ពុជា បានការពារក្តីជូនជនក្រីក្រ ជិត៩ពាន់នាក់

ភ្នំពេញ៖ ការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ រយៈពេលពេញ ១ឆ្នាំនេះ គណៈមេធាវីកម្ពុជា បានការពារក្តីជូនជនក្រីក្រ ចំនួនដល់ទៅ ៨៧៥៧នាក់។ នេះបើយោងតាមរបាយការណ៍ របស់គណៈមេធាវីកម្ពុជា នៅក្នុងមហាសន្និបាតលើកទី២៩ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី បានឲ្យដឹងថា ការផ្តល់ជំនួយផ្នែកច្បាប់ជូនជនក្រីក្រ ផ្តោតសំខាន់លើសកម្មភាពចំនួន ២គឺ ការការពារក្តីជូនជនក្រីក្រ និងការប្រឹក្សាយោបល់ផ្នែកច្បាប់។ លោកមេធាវី លីវ សុវណ្ណា បញ្ជាក់ថា «បច្ចុប្បន្ននេះ គណៈមេធាវីមានមេធាវីស្ម័គ្រចិត្តចំនួន ៦៩៦នាក់ ជួយការពារក្តីជូនជនក្រីក្រទូទាំងប្រទេសក្នុងគម្រោងថវិកាផ្តល់ដោយរាជរដ្ឋាភិបាល។ ក្នុងរយៈពេល ១ឆ្នាំនេះ គណៈមេធាវីបានចាត់តាំងមេធាវី ឲ្យមេធាវីការពារក្តីជូនជនក្រីក្រ បានចំនួន ៥៤៧០ករណី មានកូនក្តីសរុបចំនួន ៨៧៥៧នាក់ (ស្ត្រី ៤៩៨នាក់) ក្នុងនោះមានរឿងក្តីអនីតិជន ចំនួន ១៧២១ករណី និងមានកូនក្តីជាអនីតិជន ចំនួន ២៦៩០នាក់»

លោកបន្តថា ក្នុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានផ្តល់ថវិកាសម្រាប់ចំណាយលើគម្រោងការពារក្តីជូនជនក្រីក្រជូនគណៈមេធាវីចំនួន ២៦០០លានរៀល ដែលថវិកានេះអាចមានលទ្ធភាពទូទាត់បានចំនួន ៦១៥៦សំណុំរឿង និងប្រឹក្សាយោបល់ផ្នែកច្បាប់ចំនួន ៤៥៦ករណី។ ជាមួយគ្នានេះ ក្នុងរយៈពេល ១ឆ្នាំនេះ នាយកដ្ឋានការពារក្តីជូនជនក្រីក្រ បានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយឥតគិតកម្រៃក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល បានចំនួន ៤៥៦ករណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds