រដ្ឋមន្រ្តី៖ អ្នកសារព័ត៌មានអនឡាញជាច្រើនដែលមានទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា បច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលមានទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួនមិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននៅព័ត៌មានមិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៣ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ និងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃការការពារផលប្រយោជន៍នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួនដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេសនឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នើដល់អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕