សាធារណរដ្ឋឆែក នឹងរួមចំណែកលើការកាត់បន្ថយថង់ប្លាស្ទិក និងទឹកស្អាត ដើម្បីលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ លោក ម៉ាទីន វ៉ាវរា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានថ្លែងថា សាធារណរដ្ឋឆែក នឹងរួមចំណែកលើការកាត់បន្ថយថង់ប្លាស្ទិក និងទឹកស្អាត ដើម្បីលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា។
ឯកអគ្គរដ្ឋទូតឆែក ថ្លែងបន្តថា ការកាត់បន្ថយថង់ប្លាស្ទិកជាបញ្ហាសកល ដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ពីព្រោះថាសំណល់ ប្លាស្ទិក បានបង្ករហានិភ័យដល់សុខភាពមនុស្ស សត្វ ធនធានធម្មជាតិ និងប្រភពទឹក។ ជាមួយគ្នានេះបានអបអរសាទរចំពោះលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានជម្រាបជូនគោលបំណង ដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាងសាធារណរដ្ឋឆែក និងប្រទេសកម្ពុជា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនាម័យទឹកស្អាត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Martin Vavra ហើយបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញការងារអាទិភាពចំនួន៣ ក្នុងនោះរួមមានអាទិភាពទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់ ។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ទោះជាយើងមានឧបករណ៍សម្រាប់កំទេចសំណល់ចោលក៏ដោយ ក៏យើងត្រូវតែកាត់បន្ថយការបង្កើតសំណល់ឱ្យបានជាអតិបរមា អាទិភាពទី២៖ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត, អាទិភាពទី៣ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល៕