អ៊ីស្រាអែលប្រកាសឱ្យពលរដ្ឋជាង១លាននាក់ជម្លៀសចេញពីតំបន់កាហ្សាជាបន្ទាន់

(អ៊ីស្រាអែល)៖ នៅថ្ងៃសុក្រសប្ដាហ៍នេះ យោធាអ៊ីស្រាអែលបានអំពាវនាវឱ្យជនស៊ីវិលប្រមាណជាង១លាន ដែលកំពុងរស់នៅក្នុងតំបន់ Gaza ឱ្យជម្លៀសខ្លួនទៅភាគខាងត្បូងតំបន់នេះក្នុងរយៈពេល ២៤ម៉ោងជាបន្ទាន់ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនគ្រោងនឹងបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីលើតំបន់នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃសៅរ៍ទី១៣តុលា។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​នឹង​ប្រតិបត្តិការ​យ៉ាង​សំខាន់​នៅ​ក្នុង​ក្រុង​ហ្គាហ្សា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ស្របពេលដែលប្រជាជនប៉ាឡេស្ទីនប្រមាណជាង ១,៥០០នាក់ បានស្លាប់ក្នុងការវាយប្រហារសងសឹករបស់អ៊ីស្រាអែល។

យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា​ក្រុមសកម្មជនហាម៉ាស់កំពុងតែលាក់ខ្លួននៅខាងក្នុងផ្លូវរូងក្រោមដី ក្រោមផ្ទះ និងខាងក្នុងអគារនៃតំបន់កាហ្សា ដែលមានទាំងជនស៊ីវិលស្លូតត្រង់រស់នៅផងដែរ។ យ៉ាងណា អង្គការសហប្រជាជាតិបាននិយាយថា វាមិនអាចទៅរួចទេដែលមនុស្សដល់ជាង១លាននាក់ អាចជម្លៀសចេញពីតំបន់កាហ្សាត្រឹមតែ២៤ម៉ោងនោះ។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានចាត់ទុកការលើកឡើងរបស់អង្គការសហប្រជាជាតិនេះថា ជារឿងដ៏គួរឱ្យអាម៉ាស់។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមហាម៉ាស់ប្រមាណ៧៥០កន្លែងផ្សេងគ្នា នៅភាគខាងជើងតំបន់ហ្គាហ្សាពេញមួយយប់ ក្នុងនោះរួមមានទាំងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស លំនៅដ្ឋានរបស់មេសកម្មប្រយុទ្ធហ៉ាម៉ាស់ និងឃ្លាំងផ្ទុកអាវុធរបស់ក្រុមសកម្មប្រយុទ្ធនេះផងដែរ។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ជនស៊ីវិលជាង៤០ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា ហើយក្រុមអ្នកជួួសង្រ្គោះចំនួន ២៣នាក់ត្រូវបានសម្លាប់ រាប់ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារសងសឹករបស់អ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការលុកលុយរបស់ក្រុមហាម៉ាស់។

ក្រុមហាម៉ាស់បានចាប់ក្មេងជាចំណាប់ខ្មាំង ដោយក្នុងនោះមានក្មេងខ្លះត្រូវបានក្រុមហាម៉ាស់បាញ់សុះសាច់ និងកាត់ក្បាល ហើយខ្លះទៀតត្រូវដុតស្លាប់នៅក្នុងឡានតែម្ដង។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏ឃោរឃៅ និងយ៉ងឃ្នងរបស់ក្រុមហាម៉ាស់នេះ។ ពិសេស លោកបានសន្យាថានឹងប្រកៀកស្មាជួយអ៊ីស្រាអែលវាយកម្ទេចក្រុមហាម៉ាស់ប៉ាឡេស្ទីន។ តែហាម៉ាស់ មិនចាញ់ខាងអ៊ីស្រាអែលឡើយ ពួកគេបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ក្រោកឈរឡើងតវ៉ា និងប្រយុទ្ធតតាំងចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដោយជំរុញឱ្យជនជាតិប៉ាឡេស្ទីនសម្រុកទៅកាន់វិហារអ៊ីស្លាម Al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីប្រឆាំងជាមួយកងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់នៅតំបន់ West Bank។

គួរជម្រាបថា តំបន់កាហ្សាគឺជាតំបន់ដែលសម្បូរទៅដោយផ្ទះប្រជាពលរដ្ឋរស់នៅកកកុយ ដែលតាមការប៉ាន់ប្រមាណគឺមានមនុស្សប្រមាណជាង២លាន៣សែននាក់កំពុងរស់នៅ។ ដូច្នេះប្រសិនបើក្រុមហាម៉ាស់ បើកការវាយលុកទ្រង់ទ្រាយធំ ចង់មិនចង់នឹងមានមនុស្សស្លាប់ឈាមហូរជាទឹកមិនខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds