គ.ជ.ប៖១២ថ្ងៃមានពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង១៥ម៉ឺននាក់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថា ក្នុងរយៈពេល១២ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានប្រជាពលរដ្ឋសរុប ១៥៣,៨១១នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បចេញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។ ទន្ទឹមគ្នា ក្នុងរយៈពេល១២ថ្ងៃកន្លងមក ក៏មានប្រជាពលរដ្ឋចំនួន ៩៣,០៨៣នាក់ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង១៣,៤៦៦នាក់ ស្នើសុំកែតម្រូវទិន្នន័យ ខណៈ៣០,៧៩៨នាក់ បានផ្ទេរទីលំនៅចូលទៅឃុំ-សង្កាត់ថ្មី។ នេះបើតាមរបាយការណ៍របស់គ.ជ.ប។
ដោយឡែក សម្រាប់ថ្ងៃទី១២ តុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីសរុបចំនួន ១៨,២៥៤នាក់ ប្រជាពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៥,១១៦នាក់ ខណៈប្រជាពលរដ្ឋបានស្នើសុំកែតម្រូវួទិន្នន័យចំនួន ១,០៦២នាក់ និងប្រជាពលរដ្ឋបានផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីមានចំនួន៣,០៩៦នាក់។
ការពិនិត្យបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ-សង្កាត់ ធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រាប់គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលចំពោះអ្នកកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ ឱ្យទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា៕