គ្រួសារសពលោកឈាង រ័ត្នទទូចឱ្យបញ្ឈប់ការចែករំលែកនិងលុបរូបភាពឬវីដេអូមិនគួរគប្បីចេញពីបណ្ដាញសង្គម

(រាជធានីភ្នំពេញ)៖ ក្រុមគ្រួសារសពលោក ឈាង រ័ត្ន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងប្រកាសទទូចស្នើសុំដល់អ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ ដែលបានបង្ហោះរូបភាព ឬវីដេអូទាំងឡាយណា ដែលមិនគួរគប្បីពាក់ព័ន្ធនឹងលោក ឈាង រ័ត្ន ឱ្យបញ្ឈប់ការបង្ហោះ ចែករំលែក និងលុបចេញពីគ្រប់បណ្ដាញសង្គម រួមានជាអាទិ៍៖ បណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងធីកថក់(TikTok)ជាបន្ទាន់។

ការប្រកាសស្នើសុំយ៉ាងទទូចបែបនេះពីសំណាក់ក្រុមគ្រួសារសពរបស់លោក ឈាង រ័ត្ន ក្រោយពីសង្កេតឃើញមានអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួន បានបង្ហោះ និងចែករំលែករូបភាព និងវីដេអូមិនសមរម្យលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសពរបស់លោក ឈាង រ័ត្ន ជាហូរហែ ដោយគ្មានការអនុញ្ញាត។ ក្រុមគ្រួសារសពរបស់លោក ឈាង រ័ត្ន ចាត់ទុកទង្វើទាំងនេះថា ហាក់មិនបានផ្ដល់ការគោរពសិទ្ធិបុគ្គល និងឱ្យតម្លៃ ហើយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសនៃសព និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ក្រុមគ្រួសារទាំងមូល។

គួរជម្រាបថា លោក ឈាង រ័ត្ន ដែលជាអតីតប្រធានក្រុមហ៊ុនសម្រស់ធម្មជាតិ និងត្រូវជាស្វាមីរបស់លោកស្រី សុន្ទរ​រី ហៅ​ស្រី​អូន បានទទួលមរណភាពដោយការធ្វើអត្តឃាត(មិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ) កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ មរណភាពរបស់លោកបានធ្វើឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គមជាខ្លាំង ដោយសារលោកគឺជាបុគ្គលមានអ្នកស្គាល់ច្រើន និងធ្លាប់ធ្វើកិច្ចការសង្គមជាច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open