ក្រុមហ៊ុនប៊ូសស្ត្រង់ ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​១០០​លាន​រៀល ដល់ព្រំ សំណាង ដើម្បីត្រៀមជួប ដាវ លីឌុច

គុនខ្មែរ៖ ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​​សម្រាប់​ការ​ប្រកួត​​ធំ​​​សំខាន់​នា​​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ ខាង​មុខ​ ជើង​ខ្លាំង​គុន​ខ្មែរ​ទម្ងន់​ធ្ងន់មធ្យម​ ព្រំ សំណាង ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីក្រុមហ៊ុនប៊ូសស្ត្រង់។

នៅ​យប់​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ព្រំ សំណាង បាន​ទទួល​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​អ៊ុយក្រែន Vladyslav បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​ពេញ។ តាម​រយៈ​ជ័យជម្នះ​នេះ ភេសជ្ជៈប៊ូសស្ត្រង​ បាន​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​១០០​លាន​រៀល (២៥០០០​ដុល្លារអាមេរិក) ដល់ ព្រំ សំណាង។ ការ​ផ្តល់​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មិន​ធ្លាប់​មាន​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត និង​ជួយ​ទំនុក​បម្រុង​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ត្រៀម​ខ្លួន​ឲ្យ​បានល្អ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ធំ​ដ៏​សំខាន់​នា​ពេល​ខាង​មុខ។

មុន​ពេល​ការ​ប្រកួត​ជា​មួយ​កីឡាករ ដាវ លីឌុច ក្រុម​ហ៊ុនប៊ូសស្ត្រង់​​បាន​រៀបចំ​កន្លែង​ដ៏​ហ្វឹក​ហាត់​ថ្មី​ស្អាត​បំពាក់​ដោយ​សម្ភារ និង​ឧបករណ៍​គ្រប់​គ្រាន់​ដែល​ស្ថិត​នៅ​ផ្សារ​ទំនើប​អូឡាំព្យា។ ក្រៅពីនេះ ក្រុម​ហ៊ុនប៊ូសស្ត្រង់​បាន​រៀបចំ​គ្រូ​បង្វឹក​ចំនួន​១០​រូប​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​របស់ ព្រំ សំណាង ដូចជា ក្បាច់ ស្នៀតប្រយុទ្ធ បច្ចេកទេស កម្លាំង​ស៊ុហ្វ ស្មារតី ចិត្ត​សាស្ត្រ​ ម្ហូប​អាហារ ការ​ថែ​ទាំ​សុខភាព ​និង​កាយ​សម្បទា​ជា​ដើម។

ការ​ឧបត្ថម្ភ​គាំទ្រ​ និង​ទំនុក​បម្រុង​ពេញ​លក្ខណៈ​បែប​នេះ​គឺ​ដើម្បី​ឲ្យ ព្រំ សំណាង ផ្តោត​លើ​តែ​ការ​ហ្វឹក​ហាត់តែ​ម្យ៉ាង​គត់​​ឲ្យ​បាន​ដិត​ដល់ និង​ល្អ​ឥត​ខ្ចោះ​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ដ៏​ធំ​បំផុត​ជា​មួយ​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា Dave Leduc នា​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាង​មុខ​នេះ៕

រូបពី ៖ 25 Sport

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds