អង្គការទស្សនពិភពលោកគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថានលើការផ្លាស់ប្តូរឥរិយាបថ កុមារក្នុងការគ្រប់គ្រងសំរាម
ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការទស្សនពិភពលោក World Vision បានថ្លែងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលបានផ្តួចផ្តើមគំនិតជាវិជ្ជមាន ផ្លាស់ប្តូរឥរិយាបថកុមារ និងយុវជន តាមរយៈការផ្តល់ឱកាសឱ្យពួកគេបានចូលរួមក្នុងការកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជា ។
ថ្លែងនៅក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១១ តុលា ឆ្នាំ២០២៣ លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនពិភពលោក បានបន្តថា ក្រោមកិច្ចសហការពីក្រសួងបរិស្ថាន និងអង្គការទស្សនពិភពលោកកន្លងមក បានសម្រេចនូវសមិទ្ធិផលជាច្រើនជូនទៅដល់ដៃប្រជាជនកម្ពុជា ជាពិសេសគម្រោងសហគមន៍តំបន់ការពារ Community Protected Area ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១ នឹងបានបន្តដល់បច្ចុប្បន្ន ក្រោមជំនួយពីប្រទេសអូស្ត្រាលី ។ លើសពីនេះ គម្រោងបានកែប្រែស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរតាម រយៈសេវាកម្មទេសចរណ៍ ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះអង្គការទស្សនពិភពលោក ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថាន និងបានថ្លែងបញ្ជាក់ផងដែរថា សំណល់មិនមែនជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល ដូចនេះការរួមចំណែកកាត់បន្ថយ ជាភាពចាំបាច់ ដើម្បីលុបបំបាត់សំណល់ប្លាស្ទិកនៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាពិសេសសំណល់ទាំងនេះ បានបំពុលទៅដល់មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ ។ ជាមួយគ្នានេះ ការយកចិត្តទុកដាក់លើការរៀបចំទុកដាក់ និងបែងចែកសំណល់ គឺជាការងារអាទិភាពត្រូវធ្វើរួមគ្នាជាមួយការអភិរក្សជីវចម្រុះ ដើម្បីឈានឈ្ពោះទៅទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ៕