ក្រសួងបរិស្ថានប្រកាសផ្តល់កូនឈើ៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើ១លានដើម
ភ្នំពេញ៖ បន្ទាប់ពីការប្រកាសដាក់ចេញនូវយុទ្ធនាការថ្មីមួយទៀតគឺយុទ្ធនាការដាំដើមឈើចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣យ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំមកនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងចូលរួមនាំយក កូនឈើប្រមាណ៣០ម៉ឺន ដើមក្នុងមួយឆ្នាំដើម្បីនាំយកទៅចូលរួមដាំក្នុងយុទ្ធនាការដើមឈើយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ការបណ្តុះកូនឈើច្រើនប្រភេទដូចជា កូនឈើឈើហូបផ្លែ កូនឈើប្រណិត ប្រភេទកូនឈើដាំតាមទីសាធារណៈដែលផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អនោះត្រូវបានបណ្តុះជាបន្តបន្ទាប់ ហើយនឹងត្រូវយកទៅដាំតាមទីតាំងនានាក្នុងនេះដូចជាព្រៃសហគមន៍ សាលារៀន វត្តអារាម ទីសាធារណៈជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញឱ្យមន្ទីរបរិស្ថានរាជនី ខេត្តចូលរួមបណ្តុះកូនឈើ ហើយចែកជូនដល់ប្រជាសហកមន៍យ៉ាងហោចណាស់ឱ្យបាន១០ម៉ឺនដើមក្នុងមួយឆ្នាំដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះនាថ្ងៃខាងមុខ។
យុទ្ធនាការនេះឯកឧត្តម អ៊ាង សុផល្លែត បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ន»។
ឯកឧត្តមបន្ថែមថា ការដាំកូនឈើហូបផ្លែនៅតាមតំបន់សហគមន៍ មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតដល់ភ្នែកទេសចរណ៍ទេ តែដើមឈើទាំងនោះនៅពេលបានផ្លែ វាអាចផ្តល់នូវប្រាក់ចំណូលតាមរយៈការលក់ដល់ភ្ញៀវទេសចរសម្រាប់ការជួយបង្កើនជីវភាពប្រជាសហគមន៍ថែមទៀត។
គួរបញ្ជាក់ថាការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះវានឹងរួមចំណែកបង្កើនប្រភេទពូជឈើប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងបង្ហាញសម្រស់កាន់ស្រស់បំព្រងបន្ថែមទៅដល់ភ្ញៀវទេសចរដែលបានមកទស្សនានៅក្នុងតំបន់ទាំងនោះ៕