អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បំភ្លឺការចោទទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) បានចេញសេចក្តីប្រកាសព័ត៌មាន មួយដើម្បីជាការបំភ្លឺចំពោះបទចោទទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដែលបានលើកឡើងថា គម្រោងនេះបានរៀបចំ និងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់WA នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ២០០០មកម៉្លេះ ហើយចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ អង្គការរបស់ខ្លួន បានជួយសម្រួលដល់ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លី ដោយមានការចូលរួម ក្នុងឃុំចំនួន១៤ស្ថិតនៅតំបន់ជួរភ្នំក្រវាញ។ ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលបច្ចុប្បន្នហៅថា «ដំណើរការដើម្បីទទួលបានកិច្ចព្រមព្រៀងដោយសេរីជាមុននិងមានព័ត៌មានគ្រប់គ្រាន់» ដែលនៅអំឡុងពេលនោះ ដំណើរការនេះនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ទន្ទឹមនឹងនេះ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក៏មិនទាន់បានចាប់ផ្តើមនៅឡើយដែរ។
WA បន្តថា ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមទាំងមូល ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់និងមានការយល់ព្រមយ៉ាងពេញលេញ ពីជនជាតិដើមភាគតិចនិងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន១៤ ។ ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួន១២.២៤៨កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ០១បប រួមជាមួយនឹងក្រសួងរៀបចំដែនដី។ ជាលទ្ធផលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤.៩៩៩ ប័ណ្ណត្រូវបានចេញជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួន ៧.២៤៩ប័ណ្ណទៀត ត្រូវបានរំពឹងថានឹងចេញជូន នៅឆ្នាំ២០២៤ខាងមុខ ។
ដោយឡែកទាក់ទងទៅនឹងជ្រលងភ្នំឆាយអារ៉ែង ទីតាំងគ្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគេរំពឹងថានឹងជន់លិចភូមិចំនួន៦ ក្នុងចំណោមភូមិសរុបចំនួន៨នៅឆាយអារ៉ែង គឺមានតែភូមិចំនួន២ប៉ុណ្ណោះ ដែលត្រូវបានវាស់វែងដោយក្រសួងរៀបចំដែនដី ស្របតាមបទបញ្ជាលេខ ០១បប។ ក្រោយមកទៀត គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះត្រូវបានបោះបង់និងបញ្ឈប់នៅ ឆ្នាំ២០១៥ ហើយដំណើរការចុះបញ្ជីដីថ្មីត្រូវចាប់ផ្តើមក្នុងភូមិចំនួន ៦ នៅឆាយអារ៉ែង នោះ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំពិធីអបអរសាទរគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជង។ នៅក្នុងពិធីដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អាជ្ញាធរខេត្តកោះកុងរួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ អាជ្ញាធរខេត្តបានប្រកាសថា ការចុះបញ្ជីដីធ្លីសម្រាប់ភូមិទាំង ៦ នៅតំបន់ឆាយអារ៉ែងនឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៤ គឺជាការប្រកាសដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចូលរួមយ៉ាងសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គការមួយដែលកំពុងធ្វើការចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយផ្តល់នូវព័ត៌មានយ៉ាងលម្អិតឆ្លើយតបទៅនឹងការចោទរបស់ពួកគាត់។ ផ្អែកលើការចោទប្រកាន់ខាងលើនេះ វេរ៉ា (Verra) ដែលជាស្ថាប័នប្រើប្រាស់ស្តង់ដាអន្តរជាតិដើម្បីធ្វើការបញ្ជាក់លើគម្រោងរេដបូក បានបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ជាក់កាបូន (VERs) ជូនគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រហូតទាល់តែមានការរកឃើញទៅលើការត្រួតពិនិត្យគុណភាពស្របទៅតាមលក្ខខណ្ឌដែលគេពេញចិត្ត ។ ការត្រួតពិនិត្យគុណភាពត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ ហើយបានបន្សល់នូវសំណួរបច្ចេកទេសមួយចំនួនដែលត្រូវឆ្លើយតប។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានពន្យល់ថា «យើងខ្ញុំជឿជាក់ថា ការស្រាវជ្រាវនឹងបង្ហាញថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺជាការផ្ដួចផ្ដើមគំនិតផ្នែកអភិរក្ស ប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន ។ យើងខ្ញុំក៏បានស្នើសុំឱ្យការត្រួតពិនិត្យមានភាពគ្រប់ជ្រុងជ្រោយ ដោយសូមរួមបញ្ចូលទាំងផលវិជ្ជមានដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានផ្តល់ជូនសហគមន៍និងព្រៃឈើផងដែរ ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាស្របពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងកំពុងអភិរក្សព្រៃឈើនិងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ គម្រោងនេះក៏គាំទ្រឱ្យមានការគោរពនិងការពារសិទ្ធិមនុស្សផងដែរ»។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺមានប្រជាពលរដ្ឋចំនួន៣.៩៥៧ គ្រួសារ បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រួមមាន៖ អណ្តូងទឹកចំនួន៩៤កន្លែង ប្រព័ន្ធចែកចាយទឹកប្រវែង៧.៨០០ម៉ែត្រ សាលារៀន ស្ពាន អាហារូបករណ៍ និង៥០៩គ្រួសារ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ក្នុងនោះគ្រួសារចំនួន៣៣២ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍ជីផាត, គ្រួសារចំនួន១៥៦ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង, គ្រួសារចំនួន២៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិឆាយលូក, គ្រួសារចំនួន២៥៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិសុវណ្ណាបៃតង, សិស្សអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៦រូបនៅទីក្រុងភ្នំពេញ, អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន៩៤កន្លែង, សាលារៀនចំនួន២ខ្នង, សាងសង់ផ្លូវថ្មីប្រវែង ១១.០០០ ម៉ែត្រ, ជួសជុលផ្លូវប្រវែង១៧.០០០ម៉ែត្រ, ប្រព័ន្ធលូចំនួន៣៤កន្លែង, ស្ពានចំនួន១ កន្លែង, បង្គន់អនាម័យចំនួន៧៧កន្លែង៕