UNICEF នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឈានទៅសម្រេចបាននូវភាពស្អាត បៃតង និងចីរភាព
ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៦ តុលា ឆ្នាំ២០២៣ តំណាងប្រចាំប្រទេសនៃអង្គការ UNICEF អះអាងថា UNICEF នឹងរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយប្រកាន់ខ្ជាប់នូវអនាម័យ សុខភាព និងបរិស្ថាន។
លោក Will Parks តំណាងប្រចាំប្រទេសនៃអង្គការ UNICEF បានអោយដឹងថា ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសកល ដែលប្រទេសទាំងអស់នៅលើសកលលោកមានការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ លើសពីនេះ UNICEF នឹងកៀរគរថវិកាទាំងនោះ ដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យបរិស្ថាន ហើយនៅឆ្នាំ ២០២៤ ដល់ ២០២៨ ក្នុងភាពជាដៃគូ UNICEF មានគំនិតផ្តួចផ្តើមចំនួន ២ចម្បង ដែលទី១ ផ្តោតលើសកម្មភាពដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ Climate action និង ទី២ ការគាំទ្រជាមូលនិធិលើការប្រែប្រួលអាកាសធាតុ (Climate financial) ។
ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះតំណាងអង្គការ UNICEF ដែលបានយកចិត្តទុកដាក់ជាពិសេស លើវិស័យបរិស្ថាននៅកម្ពុជា និងក្នុងតំបន់អាស៊ាន ។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្រ្តីរីករាយស្វាគមន៍ចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ លើអាទិភាពការងាររបស់ក្រសួងឆ្លើយតបយុទ្ធសាស្រ្តចក្រាដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍដែលបានគាំទ្រដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍៕