កំណាត់ផ្លូវជាតិលេខ៧៦ដែលបាក់ស្រុតកាលពីអំឡុងដើមខែសីហាស្ថាបនាឡើងវិញបាន៤៥%ហើយ

(ខេត្តមណ្ឌលគិរី)៖ ការស្ថាបនាផ្លូវតភ្ជាប់ផ្លូវលេខជាតិ៧៦ ដែលបានបាក់ស្រុតកាលពីពេលកន្លងមក ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ស្ថាបនាឡើងវិញបាន៤៥ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ។

បើតាមមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្តមណ្ឌលគិរីបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានដាក់ស្រុតដោយសារការរអិលបាក់ដីនេះ មានប្រវែង ៤២៥ម៉ែត្រ(ទទឹង១២ម៉ែត្រ)។

គួររម្លឹកថា កាលពី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២៣ កំណាត់​ផ្លូវជាតិ​លេខ៧៦ ​នៅត្រង់​ចំណុច​អូរ​ងើយ ស្ថិតក្នុង​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង នៃ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន ដោយសារ​ការ​រអិល​បាក់​ដី​ចន្លោះ PK94+080 – PK94+150 និង​បន្ត​មាន​ស្នាម​ប្រេះ​បន្ថែម​នៅ​ថ្ងៃ​បន្ទាប់ ដែល​សរុប​ការខូចខាត​មាន​ប្រវែង​១៦៦​ម៉ែត្រ​(​រអិល​បាក់​ដី ៧០​ម និង​ស្នាម​ប្រេះ​៩៦​ម​)​។​

​ក្រោយ​ហេតុការណ៍​រអិល​បាក់​ដី​នេះ លោក​ ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ដាក់​បទបញ្ជា​យ៉ាង​បន្ទាន់​ទៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ឱ្យ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​វាង​កំណាត់​ផ្លូវជាតិ​លេខ​៧៦(​ស្នួល​-​សែន​មនោ​រម្យ​)​ដែល​បាន​ខូចខាត​នេះ​។ ក្រោយមក នៅ​ថ្ងៃ​ទី​០៧​សីហា ផ្លូវ​វាង​ថ្មី​បាន​ស្ថាបនា​ឡើង និង​ត្រូវបាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​អាច​ធ្វើ​ចរាច​រណ៍​ជា​បណ្តោះអាសន្ន ដែល​មាន​គុណភាព​ស្រប​តាម​បទដ្ឋាន និង​ផ្តល់​សុវត្ថិភាព​ជំនួស​ឱ្យ​ផ្លូវជាតិ​លេខ​៧៦​ដែល​រង​ការខូចខាត​។​

ផ្លូវជាតិ​លេខ​៧៦ ជាផ្លូវជាតិដែល​ត​ភ្ជាប់​ពី​ស្រុក​ស្នួល ខេត្តក្រចេះ​ដល់​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី មាន​ប្រវែង​សរុប​១២៧​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​DBST បានចាប់ផ្ដើម​ការស្ថាបនា នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ និង​បញ្ចប់​ការស្ថាបនា នៅក្នុង​ខែ​មីនា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន CRBC ចំណាយ​ថវិកា​សាងសង់​ចំនួន ៥១,៩០០,០០០​ដុល្លារ​អាមេរិក​។ ផ្លូវ​នេះ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds