ឥណ្ឌាគ្រោងនឹងដំណើរការជើងហោះហើរត្រង់ជាមួយកម្ពុជានៅចុងខែនេះ

កម្ពុជានិងឥណ្ឌានឹងចាប់ផ្ដើមដំណើរការជើងហោះហើរត្រង់ទៅវិញទៅមក នៅចុងខែតុលា ឆ្នាំ២០២៣នេះ ដែលនឹងជួយជំរុញឱ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀតឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ ការបង្ហើបអំពីគម្រោងហោះហើរត្រង់រវាងកម្ពុជានិងឥណ្ឌានេះ ធ្វើឡើងតាមរយៈពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនិងលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែតុលា។

លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា៖ ពាក់ព័ន្ធនឹងកិច្ចវិស័យពាណិជ្ជកម្ម គឺកម្ពុជានិងឥណ្ឌាកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគី ក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត នឹងព្រមទាំងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ។ ជាពិសេស ឥណ្ឌាក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

មិនតែប៉ុណ្ណោះ កម្ពុជានិងឥណ្ឌាក៏ថែមទាំងកំពុងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរផងដែរ ជាក់ស្ដែង វឌ្ឍនភាពលូតលាស់គួរឱ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈនៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមហ៊ុន​អាកាសចរណ៍​ ​Sky​ ​An​g​kor ​Air​line​s​របស់​កម្ពុជា​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើ​កជើង​ហោះហើរ​ត្រង់​ពី​ខេត្ត​សៀមរាប​ទៅកាន់​ទីក្រុង​សេអ៊ូល​ ​សាធារណរដ្ឋ​កូរ៉េ(កូរ៉េខាងត្បូង)​ ​នៅ​ចុង​ឆ្នាំនេះ​ ​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កូរ៉េ​មក​កម្ពុជា​។​ ​ការហោះហើរ​ត្រង់​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ ​Inch​e​on ​ទីក្រុង​សេអ៊ូល​ ​នឹង​ចាប់ផ្តើម​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds