លោកស សុខាបញ្ជាឱ្យបញ្ឈប់ការយកលុយក្រៅផ្លូវការពីពលរដ្ឋឆ្លងកាត់តាមច្រកព្រំដែនជាបន្ទាន់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាដល់អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្ដាច្រកព្រំដែនទាំងនោះឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគេឆ្លងកាត់ចេញ-ចូលតាមបណ្ដាច្រកព្រំដែន។ នេះបើយោងតាមលិខិតជូនដំណឹងចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលខេត្តដែលនៅជាប់ព្រំដែន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈក្រសួងបានកត់សម្គាល់ឃើញថា មានការលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តជាប់ព្រំដែនមួយចំនួន ដោយយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគេឆ្លងកាត់ចេញ-ចូលតាមច្រករបៀងទាំងនោះ។

ទន្ទឹមនឹងការប្រកាសឱ្យបិទច្រករបៀងខុសច្បាប់ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ណាមួយ អាជ្ញាធរខេត្តជាប់ព្រំដែនត្រូវសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើសក្ដានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែលមានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការតែម្ដង។

លោក ស សុខា បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញ-ចូលឆ្លងកាត់ព្រំដែន សម្ដៅបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេស លោកណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្ដាច្រកព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីក៏បានណែនាំអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវបន្តផ្ដល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើស និងគ្រប់គ្រងស្ថិតិ ក៏ដូចជាលំហូរប្រជាពលរដ្ឋចេញ-ចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់ ហើយត្រូវដោះស្រាយបញ្ហាប្រឈមនានាឱ្យបានល្អប្រសើរ។ លោកបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់ក្នុងការបង្រ្កាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ពោល គឺត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញ-ចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ដែលចេញដោយក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗនៃការឆ្លងដែនខុសច្បាប់។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមថា ក្រសួងមហាផ្ទៃនឹងចាត់ក្រុមការងារជំនាញ ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញតួនាទីភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែនទាំងអស់ ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ។ បើសិនករណីក្រុមការងារជំនាញរកឃើញថា ច្រកទ្វារព្រំដែនណាមួយកើតមានបញ្ហាមិនប្រក្រតីបណ្ដាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេនោះ គឺក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds