កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ

កំពង់ឆ្នាំង៖ ការពង្រីកយ៉ាងឆាប់រហ័សនៃយានជំនិះដែលទាក់ទងនឹងកំណើនសេដ្ឋកិច្ចកម្ពុជានាពេលថ្មីៗនេះ ខណៈដែលគម្រោងធ្វើអោយប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ទីរួមខេត្តបាត់ដំបង នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសទស្សនកិច្ចសិក្សាពី គម្រោងធ្វើអោយប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី៣ ខែតុលានេះ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា គម្រោងធ្វើអោយប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ទីរួមខេត្តបាត់ដំបង បានបញ្ចប់ ការ​សាង​សង់ស្ទើរទាំងស្រុង គឺនៅសល់តែការសាងសង់ផ្លូវវៀក្រុង និងស្ពានឆ្លង កាត់ស្ទឹងពោធិ៍សាត់ប៉ុណ្ណោះ។ តាមការគ្រោងទុក កំណាត់ផ្លូវនេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកាខាងមុខ។

លោកថា«កំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាមរហូតដល់ក្រុងសេរីសោភ័ណ្ឌ បានស្ថាបនារួចរាល់ ប៉ុន្តែនៅសល់មួយ កំណាត់ទៀតគឺពីសេរីសោភ័ណ្ឌ ក្នុងខេត្តបន្ទាយមានជ័យ ដល់ក្រុងប៉ោយប៉ែត ប្រវែង៣៦គីឡូម៉ែត្រចំនួននៅមិនទាន់សាងសង់រួចរាល់នៅឡើយទេ ផ្លូវជាតិលេខ៥ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាផ្នែកនៃផ្លូវអាស៊ីលេខ១ និងច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង ហើយក៏ត្រូវការ ការកែលម្អជាបន្ទាន់»

ដោយឡែក លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាជំនួយរដ្ឋាភិបាលជប៉ុន ក្រោមការអនុវត្តដោយអង្គការ JICA គឺបានជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិនេះឱ្យថយចុះប្រមាណ៣២%។ លោកស្រីថា «ផ្លូវហ្នឹងជួយសម្រួលមិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ប្រសិនជាយើងមិនមានទ្រូងពុះទ្រូងផ្លូវទេ យើងចេះតែប្រជ្រៀតគ្នាទៅមក អាចស្ទះ អាចនឹងមានគ្រោះថ្នាក់។ ដល់ពេលយើងមានផ្លូវពុះទ្រូងអ៉ីចឹង រួចផុតពីគ្រោះថ្នាក់ចរាចរណ៍ច្រើន»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា កត្តាគ្រោះថ្នាក់ចរាចរណ៍កើតឡើងធំបំផុត គឺកើតចេញពីកត្តាមនុស្សជាចម្បង ដែលក្នុងនោះ ៨០% គ្រោះថ្នាក់កើតឡើងលើអ្នកជិះម៉ូតូច្រើនជាងរថយន្ត។ មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ គឺកើតចេញពីកត្តាជាច្រើន មានដូចជា ៣៨% កើតចេញពីល្បឿនលឿនខ្លាំងពេក ២៥% ទៅ ២៦% ផ្តើមពីការមិនគោរពសិទ្ធិអាទិភាពគ្នា ជាង១០% ជិះវ៉ាជែងគ្នា និងក្រោម១០% កើតចេញពីកត្តាផ្សេងទៀត។

គម្រោងនៃការកែលម្អផ្លូវជាតិលេខ៥ គឺជាគម្រោងរបស់អង្គការ JICA ក្នុងការអភិវឌ្ឍផ្លូវជាតិលេខ៥ ដោយចាប់ផ្ដើមពីចំណុចស្ពានព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយនឹងការអភិវឌ្ឍប្រកបទៅដោយស្តង់ដាត្រឹមត្រូវ ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកដំណើរ៕អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds