WBរក្សាការព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះថេរក្នុងរង្វង់៥,៥%ដដែល
ធនាគារពិភពលោក (WB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ថេរនៅក្នុងរង្វង់ ៥,៥ភាគរយ បើទោះបីជាកម្ពុជាជួបឧបសគ្គពីខាងក្រៅក៏ដោយ។ ធនាគារពិភពលោកអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែទទួលបានសន្ទុះដែលគាំទ្រដោយការស្ទុះងើបឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ជាពិសេសការងើបឡើងនូវវិស័យសេវាកម្ម និងវិស័យទេសចរណ៍។
ការព្យាកររបស់ធនាគារពិភពលោកនេះ គឺខ្ពស់ជាងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបង្ហាញតាមរយៈរបាយការណ៍ កាលពីថ្ងៃទី២០កញ្ញា ដោយធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ទាបការព្យាកររបស់ខ្លួនពី ៥,៥ភាគរយ មកត្រឹម ៥,៣ភាគរយ ព្រោះដោយសារមើលឃើញថា កំណើនឧស្សាហកម្មរបស់កម្ពុជាយឺតជាងការរំពឹងទុកនៅក្នុងឆមាសទី១។
ធនាគារពិភពលោកបានព្យាករទៀតថា សម្រាប់ឆ្នាំ២០២៤ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងថា នឹងកើនឡើងបន្ថែមទៀតដោយកើនឡើងក្នុងរង្វង់ ៦,១ភាគរយ ដោយសារការនាំចេញនឹងអាចកើនឡើង បូករួមទាំងការធ្វើពិពិធកម្មបន្តិចម្តងៗ ស្របពេលលំហូរការវិនិយោគផ្ទាល់បរទេស (FDI) ទំនងជានឹងត្រូវបានជំរុញដោយច្បាប់ថ្មីស្តីពីការវិនិយោគ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូនៃតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើតរបស់ធនាគារពិភពលោក(WB) បានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយបង្កើតការព្យាករនេះ ដោយផ្តល់លទ្ធភាពចូលទីផ្សារកាន់តែច្រើន និងជួយជំរុញកំណែទម្រង់មួយចំនួនក្នុងគោលនយោបាយផ្ទាល់ខ្លួនរបស់កម្ពុជា។ ប្រការនេះនឹងជួយបង្កើនពាណិជ្ជកម្មថ្មី និងលំហូរវិនិយោគថ្មីក្នុងគោលដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់កម្ពុជា ដែលពឹងផ្អែកខ្លាំងលើផលិតផលសម្លៀកបំពាក់រហូតមកដល់ពេលនេះ។
របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា កម្ពុជាបានធ្លាក់ចុះការនាំចេញទំនិញដោយសារតម្រូវការពីទីផ្សារក្រៅប្រទេសក៏ធ្លាក់ចុះ តែទន្ទឹមគ្នា ការនាំចេញសេវាកម្មបានស្ទុះងើបឡើងវិញ។ ជាក់ស្ដែង ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិកើនដល់ ៣លាននាក់ ដែលតួលេខនេះមានការកើនឡើងជាងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕