ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរកចំណូលបាន៣២លានដុល្លារ

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក និងនៅត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន

អ្នកនាំពាក្យដដែលបានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ មានយានយន្តចំនួនប្រមាណ៣លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ លោកបញ្ជាក់ថារយៈពេល៩ខែ ចុងក្រោយនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងប្រមាណ២៥០ករណី រួមមាន៖ អ្នកស្លាប់៤នាក់ រងរបួស៣៣នាក់ និងមានសេវាប្រតិបត្តិការសង្គ្រោះចំនួនប្រមាណ៣០០០ដង។

លោកកត់សម្គាល់ផងដែរថា តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍កើតឡើងតិចជាងមួយដងក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់  និងចំណេញពេលវេលាធ្វើដំណើរ។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបើកបរលើផ្លូវល្បឿនលឿនទាំងអស់មានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះសីហនុ​មាន​ប្រវែង​សរុប​១៨៧,០៥​គីឡូម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​ក្នុង​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC)​ពី​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd  ដោយ​ចំណាយ​ការវិនិយោគ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​១៥០​លាន​ដុល្លារ​។ ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​នៅ​កម្ពុជា​នេះ​ត្រូវបាន​​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds