ក្រសួងបរិស្ថាន ចុះ MOU ជាមួយកាកបាទក្រហម និងរដ្ឋបាលខេត្តចំនួន៣ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

(កំពង់ឆ្នាំង)៖ ក្រសួងបរិស្ថាន សហការជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ចុះអនុស្សរណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅគ្រប់សាលាទូទាំង ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក​ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់​សម្ភារ​ប្លាស្ទិក ពិសេស​ថង់ប្លាស្ទិក នាពេលកន្លងមកនេះ ក្រសួងបរិស្ថានដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានដាក់ចេញវិធានការនានា ដូចជា ការបង្កើនអាករពិសេស​លើការនាំចូលផ​លិ​ត​ផ​ល​ និងសម្ភារប្លាស្ទិកពី ៧% ទៅ១០% និងការគិតថ្លៃថង់​ប្លាស្ទិក(៤០០រៀលក្នុង១ថង់) នៅតាមផ្សារទំនើប និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ឯកឧត្តមបន្ថែមថា« ការបង្កើត​សំណល់​​ប្លាស្ទិក ក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការ​គ្រប់គ្រ​ង​នៅមានកម្រិត បានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ដោយ​​ការ​ដុត​សំណល់​ប្លាស្ទិក ​ការ​ប៉ះពាល់​សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួក​មីក្រូ​ប្លាស្ទិក​ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិក​យ៉ាងច្រើននៅ​​ក្នុង​សមុទ្រ​ និងមហាសមុទ្រ»

ដោយឡែក នៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹង​ភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិត​ខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺសរុប​ថង់ប្លាស្ទិក​ប្រើទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណ ៥៥ លានថង់ ដែលគិតជាទម្ងន់ប្រមាណ២៨០តោន។ ក្រៅពី​ថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកបម្រើផ្នែកអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើប្រាស់រួច ត្រូវបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយ​នៅតាម​ទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។

ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអោយដឹងថា រាជរដ្ឋាភិបាល បានដាក់ចេញ និងតាមដានដោយយក​ចិត្តទុក​ដាក់​លើ​ដំណើរ​ការ​អនុវត្ត​នូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ ដែលបាន​​កំណត់​ចក្ខុវិស័យធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា​កាន់តែមានបរិស្ថានស្អាត ការរស់នៅ​ប្រកប​​​ដោ​យ​​​ផាសុកភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របទៅនឹង​កំណើន​នគរូប-​នីយកម្ម និង​ការ​អភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។ ការអនុវត្តគោលនយោបាយនេះ ​អាច​ចាត់​ទុក​​ជាកំណែ​ទម្រង់ថ្មីមួយ ដែលនឹង​​ជួយ​លើក​តម្កើង​នូវ​សុខុមាល​ភាព​ប្រជាជន លើកកម្ពស់​និង​កែលម្អ​សោភ័ណភាព​ទីប្រជុំជនរាជធានី ក្រុង ស្រុក ឱ្យកាន់​តែ​មាន​ភាពទាក់ទាញថែមទៀត។

ជាមួយ​គ្នា​នេះ ឯកឧត្តម បានវាយ​តម្លៃខ្ពស់​ចំពោះក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ដែល​​​​បាន​រួមសហការ​គ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការ​ផ្តើមអនុវត្ត យុទ្ធនាការកាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ​ក្នុង​​ភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដែលជាការឆ្លើយតប​នឹងសេចក្តី​សម្រេចរបស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​គោលនយោបាយ​ស្តីពី « ការកាត់បន្ថយ​ការប្រើប្រាស់ផលិត​​​ផល​ប្លាស្ទិក និងការ​ពង្រឹង​ការ​គ្រប់គ្រង​សំណល់​ប្លាស្ទិក សម្រាប់​រយៈពេលខ្លី»៕អាចជារូបភាពនៃ 13 នាក់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់ និង អត្ថបទអាចជារូបភាពនៃ 8 នាក់ និង អត្ថបទអាចជារូបភាពនៃ 12 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds