រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការប្រើប្រាស់សម្ភារប្លាស្ទិក កំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាល- ភាពមនុស្ស សត្វ

កំពង់ឆ្នាំង៖ ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននឹងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាល- ភាពមនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់ សម្ភារប្លាស្ទិក​ប្រមាណ ៩,៥ ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក​ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅខេត្តកំពង់ឆ្នាំង, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអោយដឹងថា ការប្រើប្រាស់ សំណល់​ប្លាស្ទិកត្រូវ​បាន​បោះចោល ហើយមានតែប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិក សរុបលើពិភពលោកប៉ុណ្ណោះ ដែលបាន​យក​​មក​កែច្នៃ​ផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១% ទៀត ត្រូវបានយកទៅទីលាន​ទុក​ដាក់សំរាម ឬ ដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុង ប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រ ប្រមាណ​ជាង ៨ លានតោនក្នុង១ឆ្នាំ។

ឯកឧត្តម បន្ថែមថា «ការបង្កើត​សំណល់​​ប្លាស្ទិក ក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការ​គ្រប់គ្រ​ង​នៅមានកម្រិត បានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា ការបំពុលខ្យល់ ការបំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ដោយ​​ការ​ដុត​សំណល់​ប្លាស្ទិក ​ការ​ប៉ះពាល់​សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួក​មីក្រូ​ប្លាស្ទិក​ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិក​យ៉ាងច្រើននៅ​​ក្នុង​សមុទ្រ​ និងមហាសមុទ្រ»

ដោយឡែក នៅកម្ពុជា កត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹង​ភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិត​ខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ ថង់ក្នុង១ថ្ងៃ គឺសរុប​ថង់ប្លាស្ទិក​ប្រើទូទាំងប្រទេសក្នុង១ថ្ងៃ ប្រមាណ ៥៥ លានថង់ ដែលគិតជាទម្ងន់ប្រមាណ២៨០តោន។ ក្រៅពី​ថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកបម្រើផ្នែកអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។

ដោយឡែកឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអោយដឹងថា ការ​ផ្តើមអនុវត្ត យុទ្ធនាការកាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ​ក្នុង​​ភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ដែលជាការឆ្លើយតប​នឹងសេចក្តី​សម្រេចរបស់​រាជរដ្ឋាភិបាលលេខ ៧០ សសរ ចុះ​ថ្ងៃទី១០ ​ខែតុលា ឆ្នាំ២០២២ ស្តីពី​វិធានការ​គោលនយោបាយ​ស្តីពី « ការកាត់បន្ថយ​ការប្រើប្រាស់ផលិត​​​ផល​ប្លាស្ទិក និងការ​ពង្រឹង​ការ​គ្រប់គ្រង​សំណល់​ប្លាស្ទិក សម្រាប់​រយៈពេលខ្លី»

ឯកឧត្តម អ៊ុក រ៉ាប៊ុន បន្ថែមថា ក្នុងរាជរដ្ឋាភិបាលកម្ពុជានីតិកាល​ទី៧ ក្រោមការដឹកនាំរបស់​ សម្តេចធិបតី បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងនោះ វិស័យ​​អាទិភាព​ពាក់ព័ន្ធ​​​នឹងការងារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព បានកំណត់ក្នុងបញ្ច​កោណ​ទី៤ ក្នុងមុំទី៥ គឺ «ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួន​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំងការ​លើក​កម្ពស់​សេដ្ឋកិច្ចបៃតង» ដែលបានដាក់ចេញជាគោលដៅយុទ្ធសាស្ត្រ គឺការកាត់បន្ថយការបំពុល និង​ផលប៉ះ​ពាល់​បរិស្ថានជាអតិបរមា, ការពង្រឹងការគ្រប់គ្រងទឹក និង​ការ​ពង្រឹង​ភាពធន់នឹងការ​ប្រែ​ប្រួលអាកាសធាតុ, និងការចូលរួមចំណែកក្នុងការកាត់​បន្ថយផលប៉ះពាល់នៃ​ការ​បែ្រប្រួល​អាកាស-​ធាតុសកល ដើម្បីធានាការ​អភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយ​គ្នា​នេះ ឯកឧត្តមបានវាយ​តម្លៃខ្ពស់​ចំពោះក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិ៍សាត់ ដែល​​​​បាន​រួមសហការ​គ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់៕អាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ 7 នាក់ និង អត្ថបទអាចជារូបភាពនៃ 8 នាក់ និង អត្ថបទអាចជារូបភាពនៃ 13 នាក់ និង អត្ថបទអាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds