អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អបអរសាទរចំពោះជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង
កោះកុង ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរមូលដ្ឋានបានរៀបចំពិធីអបអរសាទរដែលមានអ្នកចូលរួមជាង ៤០០ នាក់ ប្រព្រឹត្តនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងគោលបំណងប្រារព្ធពិធីគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជង។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានការចូលរួមពីលោក ផេង ផល អភិបាលរងស្រុកថ្មបាំង អាជ្ញាធរភូមិឃុំ និងសមាជិកសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងជាពិសេសជនជាតិដើមភាគតិចជង។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានឱ្យដឹងថា គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងរក្សានូវអត្តសញ្ញាណដើម និងកេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិច ជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិច ជង រួមជាមួយសកម្មភាពទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់អារ៉ែងដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំងបី។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានសេចក្តីសោមន ស្សរីករាយក្រៃលែងដែលបានចូលរួមប្រារព្ធអបអរដល់សហគមន៍ជង និងបានលើកឡើងពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិចជង។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត មានប្រសាសន៍បន្តទៀតថា «តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយនឹងក្រសួង បរិស្ថាន បានជួយដល់ប្រជាពលរដ្ឋចំនួន ១១៨ គ្រួសារ ដែលជាជនជាតិដើមភាគតិច ជង រស់នៅតំបន់ឆាយអារ៉ែង ក្នុងនោះប្រជាពលរដ្ឋមកពីភូមិច្រកឬស្សីនៃឃុំជំនាប់ចំនួន ៥៧ គ្រួសារ និង ចំនួន ៦១ គ្រួសារទៀតមកពីភូមិកោះនិងភូមិព្រែកស្វាយនៃឃុំថ្មដូនពៅ»។
លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក៏បានលើកឡើងផងដែរថា សហគមន៍ជនជាតិដដើមភាគតិច ជង បានរស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយ ដែលអាចចាត់ទុកបានថាជាអ្នកការពារព្រៃឈើយ៉ាងសំខាន់ក្នុងតំបន់នេះ។
លោកក៏បានបន្តលើកឡើងពីផែនការរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការចាប់ផ្តើមធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់នេះ យ៉ាងយូរបំផុតត្រឹមខែមករា ឆ្នាំ ២០២៤ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។ ការប្រារព្ធពិធីនេះក៏បានដាក់បញ្ចូលផងដែរពីការសម្តែងបែបប្រពៃណីជាមួយនឹងការលេងឧបករណ៍ភ្លេងព្លយដោយ កញ្ញា ទិត្យ នីន និងមានការចូលរួមពី លោក វិចិត្រ រាជ តារាចម្រៀងខេត្តកោះកុងដ៏ល្បីឈ្មោះ បានច្រៀងចម្រៀងមនោសញ្ចេតនាជូនដល់បងប្អូនស្តាប់កម្សាន្តា៕