ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កំណត់ប្រាក់ឈ្នូលកម្មករសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ដុល្លា

ទីបំផុតប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ ដែលនឹងចាប់ផ្តើមកំណត់នៅថ្ងៃទី០១ ខែមករាឆ្នាំ២០២៤។ មានន័យថាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត បានឡើងចំនួន៤ដុល្លារ ធៀបទៅនឹងឆ្នាំ ២០២៣ដែលមាន២០០ដុល្លារ ដោយភាគីនិយោជកបានតម្លើងឲ្យ២ដុល្លារ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមចំនួន២ដុល្លារទៀតសរុប ២០៤ដុល្លារ។

ការកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ធ្វើឡើងបន្ទាប់ពីការចរចាជាច្រើនលើកមិនត្រូវរ៉ូវគ្នា ដែលបញ្ហានេះឈានទៅដល់ការបោះឆ្នោតពីសំណាក់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលដែលមានសមាសភាពត្រីភាគីនាថ្ងៃនេះ។ ជាលទ្ធផល តួលេខ២០២ដុល្លារ ដែលស្នើឡើងដោយភាគីនយោជកត្រូវបានគាំទ្រលើសលប់ បូក២ដុល្លារបន្ថែមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ដូច្នេះប្រាក់ឈ្នួលកម្មករកើនដល់២០៤ដុល្លារ។

ក្រសួងការងារកម្ពុជាដែលមានលោករដ្ឋមន្ត្រី ហេង សួរ ជាប្រធាននៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលម្អិតថាទំរាំទទួលបានការឡើងប្រាក់ឈ្នួល២០៤ដុល្លារ លើវិស័យកាត់ដេរនេះ ភាគីទាំង៣បានឆ្លងកាត់ការចរចាគ្នាជាច្រើនលើក ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រជាក់លាក់។ ក៏ប៉ុន្តែរវាងការទាមទារ និងការផ្តល់ឲ្យនៅមានគម្លាតពីគ្នាឆ្ងាយ ជាហេតុនាំឲ្យមានការបោះឆ្នោតដើម្បីសម្រេចចុងក្រោយ។

យោងតាមមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ តួលេខចំនួន ២០២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦ លើ ៥១សំឡេង តួលេខចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត០លើ ៥១សំឡេង តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥ លើ ៥១សំឡេង៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds