ក្រសួងសុខាភិបាលបញ្ជាក់ថាជំងឺភ្នែកក្រហមបណ្ដាលមកពីមូលហេតុធំៗ៣
ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានថា ជំងឺភ្នែកក្រហមដែលកំពុងផ្ទុះករណីឆ្លងនៅក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គឺបណ្ដាលមកពីមូលហេតុធំៗចំនួន៣។
មូលហេតុទាំង៣រួមមាន៖
- មូលហេតុទី១.បង្កដោយវីរុស៖ អាចកើតមានលាយឡំជាមួយនឹងជំងឺផ្ដាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត ជាធម្មតាចាប់ផ្ដើមក្នុងភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ និងមានហូរទឹកចេញពីភ្នែក តែមិនខាប់ទេ។
- មូលហេតុទី២.បង្កដោយបាក់តេរី៖ ភាគច្រើនមានអាចម៍ភ្នែកខ្ទុះ ដែលអាចនាំឱ្យត្របកភ្នែកស្អិតជាប់គ្នា ជួនកាលកើតឡើងជាមួយនឹងជំងឺរលាកត្រចៀកផងដែរ។ ជាពិសេសជំងឺភ្នែក្រហមដោយវីរុស និងបាក់តេរីឆ្លងលឿនណាស់ រាលដាល់យ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅម្នាក់ផ្សេងទៀត។ ប្រជាពលរដ្ឋអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរលាកភ្នែក ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ។
- មូលហេតុទី៣.បង្កដោយអាឡែហ្ស៊ីជាមួយដើមឈើ រុក្ខជាតិ ស្មៅ ធូលីដី ផ្សិត សត្វចិញ្ចឹម ថ្នាំ ឬគ្រឿងសំអាង ជាធម្មតាកើតលើភ្នែកទាំងសងខាង អាចបង្កជារមាស់ខ្លាំង ហូរទឹកភ្នែក អាចម៍ភ្នែក និងហើមភ្នែក និងអាចកើតឡើងជាមួយរោគសញ្ញានៃអាឡែហ្ស៊ីដូចជា៖ រមាស់ច្រមុះ កណ្ដាស់ រមាស់បំពង់ក ឬហឺត។ ប៉ុន្តែ បើជំងឺភ្នែកក្រហមបង្កដោយអាឡែហ្ស៊ី គឺមិនឆ្លងពីមនុស្សម្នាក់ទៅម្នាក់ផ្សេងទៀតនោះទេ។ យ៉ាងណា ជំងឺភ្នែកក្រហមដែលកើតឡើងដោយអាឡែហ្ស៊ីក៏អាចមកពីការប៉ះពាល់ជាមួយទឹកសាប៊ូ រោមភ្នែកជ្រុះចាក់ភ្នែក អាចបង្កើតទឹកភ្នែក និងការបញ្ចេញទឹករំអិល៕
ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖