បណ្ឌិតមាស នីថាបើរដ្ឋកែទម្រង់ឱ្យរាស្រ្តបង់ពន្ធតែរដ្ឋមិនកែទម្រង់ខ្លួនឯងនឹងមានទំនាស់ជាមួយរាស្រ្ត

តាមរយៈសំណេរដែលលោកបានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បានលើកឡើងពាក់ព័ន្ធទៅនឹងបញ្ហានៃការបង់ពន្ធ ដែលប្រជាពលរដ្ឋកំពុងចាប់អារម្មណ៍ខ្លាំង។ លោកបណ្ឌិតថា៖ “រដ្ឋមួយដែលមានការអភិវឌ្ឍន៌លឿនទៅបានក៏អាស្រ័យការចូលរួមបង់ពន្ធរបស់ពលរដ្ឋនិងវិស័យឯកជនផងដែរ។ ការកំណែទម្រង់ប្រព័ន្ធពន្ធដារនៅកម្ពុជា គឺជាភាពចាំបាច់បំផុតដែលត្រូវតែពង្រឹង”។

លោកបណ្ឌិត មាស នី អ្នក​ស្រាវជ្រាវពីការអភិវឌ្ឍសង្គម

ក្នុងខ្លឹមសារនៃសំណេរដដែល អ្នក​ស្រាវជ្រាវការអភិវឌ្ឍសង្គមដដែល បានបន្ថែមថា៖ “ការឈឺចាប់ដែលកើតចេញពីការផ្លាស់ប្តូរពិតជាមានដោយជៀសមិនផុត។ លោកថា អ្នកបង់ពន្ធពិតជាក្តៅក្រហាយ រីឯរដ្ឋក៏ត្រូវទទួលរងការវាយប្រហារធ្ងន់ផងដែរ ហើយចង់មិនចង់ ត្រូវបាត់បង់ប្រជាប្រិយភាពគាំទ្រពីពលរដ្ឋ”។

យ៉ាងណាលោកបណ្ឌិត មាស នី បានបញ្ជាក់ថា៖ “បើគ្មានការបង់ពន្ធចូលរដ្ឋ ក៏គ្មានការអភិវឌ្ឍន៍ ប្រទេសមួយក៏ទៅមុខមិនរួច ហើយសម្រាប់កម្ពុជាកំណែទម្រង់ពន្ធ គឺជាការចាំបាច់មិនថា គណបក្សបច្ចុប្បន្ន ឬបក្សផ្សេងនៅពេលខាងមុខក៏ត្រូវតែធ្វើដោយជៀសមិនផុត”។  លោកបណ្ឌិតលើកឡើងទៀតថា៖ “ការឃោសនាមិនឱ្យបង់ពន្ធនេះ លើកលែងពន្ធនោះ វាគ្រាន់តែជាការធ្វើប្រជាភិថុតយកមុខតែមួយគ្រាប៉ុណ្ណោះ។ មុនក្រោយនឹងត្រូវតែអនុវត្តន៌ដូចគ្នា”។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកតាមដានបញ្ហាសង្គមរូបនេះ ក៏បានគូសបញ្ជាក់ថា៖ “បើគ្រាន់តែកំណែទម្រង់ដោយបង្ខំឱ្យពលរដ្ឋបង់ពន្ធ តែរដ្ឋមិនបានធ្វើការកំណែទម្រង់ខ្លួនឯង ដើម្បីតម្លាភាព សមធម៌ យុត្តិធម៌ និងមានប្រសិទ្ធិភាពខ្ពស់ទេនោះ វានឹងនាំឱ្យមានទំនាស់កាន់តែធំ រវាងរដ្ឋនិងរាស្ត្រ ហើយវាក៏អាចនិងនាំទៅរកការធ្វើបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាល ប្រសិនបើមានតែការកំណែទម្រង់ តែជាមួយរាស្រ្ត តែរដ្ឋខ្លួនឯងមិនកែខ្លួន”។ ជាក់ស្ដែង លោកបណ្ឌិត មាស នី បានទាញជាឧទាហរណ៍ការប្រមូលពន្ធក្នុងសម័យអាណានិគមបារាំងបានបន្សល់ទុក នូវប្រវត្តិរបស់ភូមិក្រាំងលាវ ឬភូមិតិរច្ឆានក្នុងខេត្តកំពង់ឆ្នាំង ដែលបង្ហាញនូវទំនាស់សង្គមមួយក្នុងរឿងបង់ពន្ធនេះ។

សូមជម្រាបថា នាពេលថ្មីៗនេះកន្លងទៅ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើការ​យកពន្ធ​លើប្រាក់​​ចំណេញ​មូល​ធន ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា បើគ្មានការប្រែប្រួលទេ រដ្ឋ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពន្ធ​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ខាងមុខ។ ដ្បិតមានការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែអ្នក​ជំនាញផ្នែក​វិស័យ​អចល​ទ្រព្យ​មួយចំនួន បានមើល​ឃើញ​ថា​ ការ​ប្រមូល​ពន្ធ​ចំណេញមូល​ធន​២០​ភាគរយ​ពី​ការ​លក់ ​ឬ​ផ្ទេរអចលន​ទ្រព្យ គឺមានទាំងផល​វិជ្ជ​មាន និង​អវិជ្ជ​មាន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds