សត្វខ្លាពពក ចាត់ចូលជាប្រភេទសត្វទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហម
ភ្នំពេញ ៖ សត្វខ្លាពពក ត្រូវបានចាត់ចូលជាប្រភេទជិតទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ហើយវារស់នៅតាមទីជម្រកផ្សេងៗ ដូចជាព្រៃស្រោង តំបន់ព្រៃល្បោះ និងតាមតំបន់ដីសើម ជាដើម។
ខ្លាពពក គឺជាថនិកសត្វ ស្ថិតនៅក្នុងអំបូរខ្លា ដែលមានមាឌធំមធ្យម ដែលត្រូវបានហៅឈ្មោះដោយផ្អែកទៅតាមក្រឡាឆ្នូត ដូចពពក នៅលើស្បែករបស់វា ហើយរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ។ ខ្លាពពក ជាប់ចំណាត់ថ្នាក់លេខមួយ ខាងឡើងដើមឈើ នៅក្នុងចំណោមអំបូរខ្លា។ វាមានក្រញាំធំ ហើយស្រួច ។ ខ្លាពពកមានឆ្អឺងខ្នងជើង ដែលអាចបត់បែនបានយ៉ាងងាយស្រួល ដែលធ្វើឱ្យពួកវា អាចឡើងដើមឈើសំយ៉ុងក្បាលចុះក្រោម បានយ៉ាងរលូនដូចអំបូរកំប្រុក។ វាច្រើនតែរស់នៅឯកឯង ដែលសត្វឈ្មោល មានមាឌធំជាងសត្វញី ហើយវាមានកូនម្តង មួយទៅប្រាំ ជារៀងរាល់ឆ្នាំ។
ខ្លាពពក គឺជាពពួកមំសាសី ដែលពូកែវាយឆ្មក់ចាប់ចំណី ហើយចំណីរបស់វា មានច្រើនប្រភេទ ប៉ុន្តែសត្វនេះ មិនងាយបានឃើញនៅក្នុងព្រៃទេ ហើយចំនួនរបស់វា មានការថយចុះប្រហែល ៤៥% ក្នុងកំឡុងពេល២១ឆ្នាំ ចុងក្រោយនេះ បើយោងតាមការវាយតម្លៃរបស់អង្គការ IUCN។ នៅប្រទេសកម្ពុជា ការសិក្សាបែបវិទ្យាសាស្ត្រ អំពីចំនួន នៃប្រភេទសត្វនេះ មានតិចតួចនៅឡើយ ដោយឡែកតាមរយៈលទ្ធផលបឋមពីការសិក្សា ដោយប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ បានផ្តិតយកខ្លាពពកមួយចំនួន កំពុងរស់នៅក្នុងតំបន់ជួរភ្នំក្រវាញកណ្តាល ។
ការសិក្សាថ្មីៗនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារសំខាន់ ក្នុងការការពារទីជម្រករបស់វា។ ការខិតខំប្រឹងប្រែង ក្នុងការងារអភិរក្ស គឺមានសារសំខាន់ណាស់ ក្នុងការធានាបាននូវការរស់រានមានជីវិតរបស់ប្រភេទសត្វនេះ នៅក្នុងប្រទេសកម្ពុជា៕