អ្នករត់កង់បីម្នាក់ត្រូវសន្តិសុខគ្លីនិកមួយកន្លែងវាយព្រោះច្រឡំថាព្យាយាមបន្លំយកទូរសព្ទពីជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា៖ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានមួយចំនួន និងបណ្តាញព័ត៌មានសង្គម នូវករណីហិង្សាកើតឡើងនៅចំណុចផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងបុរសម្នាក់ជាអ្នករត់ម៉ូតូកង់៣ ជាអ្នកជួយជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ជាមួយបុរសជាសន្តិសុខរបស់មន្ទីរសម្រាក ពហុព្យាបាលណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវបំភ្លឺជុំវិញបញ្ហានេះ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឱ្យដឹងថា៖ ក្រោយពីកើតហេតុការណ៍អំពើហិង្សាខាងលើនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ក៏បានចុះទៅដល់កន្លែងកើតហេតុបានជួបជាមួយជនរងគ្រោះឈ្មោះ ឡាំ ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាអ្នកជួយជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍នឹងថែមទាំងបានធ្វើដំណើរតាមរថយន្តសង្រ្គោះមកដល់មន្ទីរសម្រាកពហុព្យាបាលណាត្រា ដោយបានអះអាងថាជាសាច់ញាតិជនរងគ្រោះព្រមទាំងកាន់ទូរស័ព្ទដៃជនរងគ្រោះផងដែរ។
ខណៈនោះមន្រ្តីប៉ុស្តិ៍ សាកសួររឿងរ៉ាវហេតុការណ៍ខាងលើទើបដឹងថាករណីហិង្សានេះផ្តើមចេញពី ឈ្មោះ មាស រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាលណាត្រា បានយល់ច្រឡំទៅលើបុរសឈ្មោះ ឡាំ ចាន់ថា ខណៈឈ្មោះ មាស រតនៈ បានសុំទូរស័ព្ទដៃរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនងសាច់ញាតិជនរងគ្រោះ ប៉ុន្តែបុរសឈ្មោះ ឡាំ ចាន់ថា មានបំណងចង់គេចវេស។ សន្តិសុខឈ្មោះមាស រតនៈ មានការសង្ស័យ ឈ្មោះ ឡាំ ចាន់ថា ជាជនបន្លំចង់លួចទូរស័ព្ទដៃជនរងគ្រោះ នៅពេលនោះក៏មានការប្រតាយប្រតប់គ្នានៅលើកំណាត់ផ្លូវ៣៧១ នាំឱ្យបុរសឈ្មោះ ឡាំ ចាន់ថា រងរបួសលើផ្ទៃមុខតែម្តង។បន្ទាប់មកបុរសឈ្មោះ ឡាំ ចាន់ថា ក៏បានដាក់ពាក្យប្តឹងទៅលើឈ្មោះ មាស រតនៈ ។ប៉ុន្តែក្រោយមកនៅពេលដែលមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ កោះហៅអ្នកទាំងពីរនាក់ចូលខ្លួនមកបំភ្លឺ។
ជាមួយគ្នានោះបុរសឈ្មោះ មាស រតនៈ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាលណាត្រា បានឆ្លើយទទួលកំហុសពិតជាមានការយល់ច្រឡំ និងសុំទោសចំពោះបុរសឈ្មោះ ឡាំ ចាន់ថា ហើយអ្នកទាំងពីរក៏បានសម្របសម្រួលយោគយល់គ្នា ដោយឈ្មោះ ឡាំ ចាន់ថា បានសម្រេចដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ មិនប្តឹងទៅលើឈ្មោះ មាស រតនៈ នោះទៀតទេ។ជាមួយនឹងការទទួលយកសំណង៣៥០ដុល្លារ ដើម្បីព្យាបាលមុខរបួស។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ម៉ោង ២១:៥០នាទី នៅចំណុចផ្លូវចូលបូរីប៉េងហួត(ខាងកើត) លើផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និង ម៉ូតូ។ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BJ-8991 បើកបរដោយឈ្មោះ យ៉ែម ស៊ឹម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៤០០ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មិនរងរបួស)។ ធ្វើដំណើរចេញពីផ្លូវបូរីប៉េងហួត(ខាងកើត) ទិសដៅពីត្បូងមកជើង ឆ្លងផ្លូវជាតិលេខ១ បត់ឆ្វេងមកទិសខាងលិច លុះមកដល់ត្រងចំណុចកើតហេតុ បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកDUKE ពណ៍ស+ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FA-1516 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ សាយ គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះ៤១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (រងរបួសស្រាល) បញ្ជូនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាលណាត្រានៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
រថយន្តនិងម៉ូតូរងការខូចខាតស្រាល ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកនឹងការវាស់វែងពិនិត្យកន្លែងកើតហេតុរបស់មន្រ្តីនគរបាលចរាចរណ៍សន្និដ្ឋានបានថា ៖ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវ មិនគោរពសិទ្ធិយានផ្លូវត្រង់៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds