ថ្លែងក្នុងមហាសន្និបាតUN៖ប្រមុខរដ្ឋាភិបាលកម្ពុជាប្រកាសជំហរមិនឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីឡើយ
(សហរដ្ឋអាមេរិក)៖ ថ្លែងក្នុងមហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ នៅរសៀលទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កម្ពុជាប្រឆាំងជាដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ និងរក្សាជំហរមិនគាំទ្រការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬការឈ្លានពានរដ្ឋឯករាជ្យណាមួយឡើយ។
សម្ដេចអះអាងយ៉ាងច្បាស់ៗថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជាឡើយ ដូចដែលមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ។ មិនតែប៉ុណ្ណោះ សម្ដេចថា កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសផ្សេងទៀតនោះទេ ដោយកម្ពុជានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
នៅចំពោះមុខតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងពីក្ដីកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយរបស់មហាអំណាចនៅលើពិភពលោក។ ក្នុងនោះ សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងក្ដីកង្វល់ពីការវិវត្តកាន់តែដុនដាបនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន និងផលប៉ះពាល់ដល់ធ្ងន់ធ្ងរនៃសង្រ្គាមនេះ។ សម្ដេចថា សង្រ្គាមនេះសបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ សម្ដេចថ្លែងបន្តថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបណ្ដាប្រទេសមានអំណាចធំៗ បានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីកសមត្ថភាពផ្នែកសន្តិសុខឡើងវិញ ដែលប្រការនេះបានធ្វើឱ្យធនធានដែលត្រូវការចាំបាច់ ដើម្បីដោះស្រាយផលប៉ះពាល់បណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩ និងការខិតខំសម្រេច របៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកាន់តែខ្សត់ខ្សោយទៅ។
ជាមួយគ្នា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងលើកឡើងអំពីការប្រែប្រួលអាកាសធាតុក៏កំពុងគំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ បើគ្មានសកម្មភាពប្រកបដោយមហិច្ចតា ឬការយកចិត្តទុកដាក់បន្ទាន់ទេ ពិភពលោកនឹងជួបប្រទះការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត។ ជុំវិញស្ថិរភាព និងជម្លោះនានា សម្ដេចសង្កត់ធ្ងន់ថា ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្តិសុខជាយុទ្ធសាស្រ្តរវាងប្រជាជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់ គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ប្រមុខរាជរដ្ឋាភិបាលថា ត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសាមគ្គីភាពសកលឡើងវិញ និងកសាងពិភពលោកដែលមានសុខសុវត្ថិភាព ព្រមទាំងវិបុលភាពកាន់តែប្រសើរឡើង។
ជាងនេះទៅទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងបង្ការការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្រ្តីបន្តថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះរបៀបវារៈថ្មីសម្រាប់សន្តិភាពរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ(លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស) រួមជាមួយអនុសាសន៍ប្រកបដោយមហិច្ចតាសម្រាប់ស្ថិរភាពពិភពលោក។ សម្ដេចធិបតីអះអាងថា កម្ពុជាគាំទ្រពេញទំហឹងនូវគំនិចផ្ដួចផ្ដើមរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ។
សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់នៅចំពោះសមាជិកអង្គការសហប្រជាជាតិថា កម្ពុជាមានមហិច្ចតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាពិសេសសម្ដេចក៏បានបង្ហាញអំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់អភិបាលកិច្ច និងធានាដល់សន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ក៏ដូចជាថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕