មួយសប្តាហ៍ទឹកជំនន់ទន្លេមេគង្គជន់លិច ប្រជាជនប្រមាណ៦ពាន់នាក់ក្នុងខេត្តចំនួន៤
ភ្នំពេញ៖ រយៈពេល ១ សប្តាហ៍នេះ ទឹកជំនន់ទន្លេមេគង្គក្នុង បានបង្កឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ប៉ះពាល់ប្រជាពលរដ្ឋជាង ៦ ពាន់គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពជាង ២២០ គ្រួសារ លិចផ្ទះជាង ២ ពាន់ខ្នង និងប៉ះពាល់ដំណាំស្រូវជាង ៥ ពាន់ហិតា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានអោយដឹងថា នៅព្រឹកថ្ងៃទី ២២ កញ្ញានេះថា រយៈពេលមួយសប្ដាហ៍នេះ ទឹកជំនន់ទន្លេមេគង្គ បានហក់ឡើងបណ្តាលឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ស្មើនឹង ១៨ ក្រុង ស្រុក និង ៧០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦ ៤២០ គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន ២២៧ គ្រួសារ លិចផ្ទះ ២ ៣៥៥ ខ្នង និងដំណាំស្រូវចំនួន ៥ ០១៦ ហិកតា។
លោកបន្ថែមថា ខេត្តក្រចេះប៉ះពាល់ ៥ ក្រុង ស្រុក, ២៧ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋជាង១ ៤៥៣ គ្រួសារ ដំណាំស្រូវ ៩៣០ ហិតា និងដំណាំរួមផ្សំ ១២៧ ហិតា។ ខេត្តកំពង់ធំប៉ះពាល់ ៥ ក្រុង ស្រុក, ៣០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៣ ៨២២ គ្រួសារ, ដំណាំស្រូវ ២ ៩២៧ ហិតា ក្នុងនោះស្រុកស្ទោងរងប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយប៉ះពាល់ស្រូវប្រជាពលរដ្ឋចំនួន ១ ០៨៣ គ្រួសារ។ ខេត្តព្រះវិហារប៉ះពាល់ ៦ ក្រុង ស្រុក ១០ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៧២៧ គ្រួសារ ដំណាំស្រូវ ៩៥៧ ហិតា និងខេត្តត្បូងឃ្មុំប៉ះពាល់ ២ ក្រុង ស្រុក ៣ ឃុំ សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤១៨ គ្រួសារ និងដំណាំស្រូវ ២០២ ហិតា។
លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅតាមបណ្ដាខេត្តទាំងនោះបានស្រកចុះជាបណ្តើរៗ វិញហើយ មិនបានបង្កការគំរាមកំហែងធ្ងន់ធ្ងរអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ បានប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន ១៩ ក្នុងនោះរួមមាន ខេត្តពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ កណ្ដាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប កោះកុង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ បណ្ដាលឲ្យប៉ះពាល់ដល់ប្រជាជនចំនួន ២១ ១០៥ គ្រួសារ, ស្លាប់ ៤ នាក់ នៅកំពត ២ នាក់ កំពង់ឆ្នាំងម្នាក់ និងរាជធានីភ្នំពេញម្នាក់ របួស ៦ នាក់ ជម្លៀសសត្វពាហណៈ ២៤០ ក្បាល ងាប់ ៣ ក្បាល ប៉ះពាល់ផ្ទះ ១៣ ៣៧០ ខ្នង ខូចខាតផ្ទះ ១០៦ ខ្នង សាលារៀន ៤១ កន្លែង និងវត្ត ១៥ វត្ត៕