សិប្បកម្មត្រីងៀតផល្លាសៀមរាប រំពឹងខ្ពស់ថានឹងអាចចូលគម្រោងCAPFISH
សៀមរាប ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងពេលទស្សនៈកិច្ចនៅសិប្បកម្មត្រីងៀតផល្លាសៀមរាប ម្ចាស់សិប្បកម្មដាក់ក្តីរំពឹងខ្ពស់ថា សិប្បកម្មរបស់ខ្លួនអាចនឹងចូលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) របស់អង្គការ UNIDO ក្រោមថវិកាគាំទ្រដោយ សហភាពអ៊ឺរ៉ុប…។
អ្នកស្រី យឹម ផល្លា ម្នាស់សិប្បកម្មត្រីងៀតផល្លាសៀមរាប បានអោយដឹងថា ដោយសារបច្ចុប្បន្នយើងឃើញទីផ្សារនៅក្នុងស្រុកខ្មែរ ម្ហូបអាហារដែលធ្វើមិនសូវតាមស្តង់ដារ និងអនាម័យមានច្រើន ជាពិសេសប្រជាពលរដ្ឋមិនសូវយល់ពីសុវត្ថិភាពម្ហូបអាហារ ទើបអ្នកស្រីដាក់ស្នើរចូលគម្រោងCAPFish ដែលបានគាំទ្រដល់សហគ្រាសជលផលក្នុងការទំនើបកម្ម ក្នុងប្រតិបត្តិការអាជីវកម្ម។
អ្នកស្រីថា« ខ្ញុំគិតថាគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) របស់អង្គការ UNIDO អាចជួយអោយផលិតផលខ្ញុំឈានដល់ស្តងដារចំណីអាហារបាន ហើយអាចនាំចេញប្រកួតប្រជែងទីផ្សារអន្តរជាតិបាន ព្រោះវាជាឱកាសរបស់យើងច្រើនមែនទែន សម្រាប់យើងនាំផលិតផលខ្មែរចូលផ្សារទំនើប និងទីផ្សារអន្តរជាតិ»។
អ្នកស្រីបន្ថែមថា រាល់ថ្ងៃនេះផលិតផលរបស់យើងអាចផលិតបានច្រើនដែរ មានអនាម័យ និងសុវត្ថិភាពចំណីអាអាហារល្អគួសមដែរ ប៉ុន្តែយើងពិបាកប្រកួតប្រជែងនៅក្នុងទីផ្សារទំនើប ក៏ដូចជាទីផ្សារអន្តរជាតិ។ ប៉ុន្តែប្រសិនបើយើងបានចូលគម្រោងCAPFish ផលិតផលរបស់យើងអាចប្រកួតប្រជែងនៅទីផ្សារក្រៅប្រទេសបាន។« ខ្ញុំគិតថាគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) អាចជួយអោយផលិតផលខ្ញុំឈានដល់ស្តងដារចំណីអាហារបានហើយអាចនាំចេញប្រកួតប្រជែងទីផ្សារអន្តរជាតិបាន»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកស្រីផល្លា។
អ្នកស្រីបន្ថែមថា« ស្តង់ដារចំណីអាហារពិតជាមានសារៈសំខាន់ណាស់ អ្នកណាក៏ចង់បានចំណីរអាហារដែលមានគុណភាព និងអនាម័យដែរ។ ម្យាងខ្ញុំឃើញលំហូរផលិតផលក្រៅប្រទេស ចូលមកស្រុកខ្មែរកាន់តែច្រើន អញ្ចឹងខ្ញុំចង់ឃើញផលិតផលខ្មែរមានលក់នៅទីផ្សារអន្តរជាតិដែរ ដោយខ្ញុំនៅតែប្រកាន់ជំហរថា គេធ្វើបាន ហេតុអ្វីយើងធ្វើមិនបាន អញ្ចឹងខ្ញុំរំពឹង១០០%ដែលសិប្បកម្មរបស់ខ្ញុំចូលក្នុងគម្រោងនេះ»។
សូមបញ្ជាក់ផងដែរថា គម្រោងCAPFISH-Capture ជំរុញសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។ គម្រោងនេះមានគោលដៅគាំទ្រសមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិង អន្តរជាតិ៕