សិប្បកម្មកែច្នៃអាហារមួយកន្លែងនៅសៀមរាប គិតពីសុវត្ថិភាពខ្ពស់ រហូតទទួលបានលិខិតបញ្ជាក់ពីCQS ល្អបំផុត
សៀមរាប៖ សិប្បកម្មសំណាង សុធា បានកែច្នៃផលនិងផលិតផលជលផល ដែលអនុលោមបានផ្នែកសុវត្ថិភាពម្ហូបអាហាររបស់សហគ្រាសជលផលកម្ពុជា រហូតទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា CQS ល្អបំផុត។
លោក យន់ សំណាង ម្ចាស់ សិប្បកម្មសំណាង សុធា បានបានអោយដឹងថា សិប្បកម្មលោកចាប់ផ្តើមពីឆ្នាំ២០០៣ ជាលក្ខណៈគ្រួសារ ដោយឡែកនៅឆ្នាំ២០០៥ ដោយមានការណែនាំពីអង្គការមួយមកជួយបង្រៀនពីអនាម័យ ដើម្បីអោយយើងចេះកែលំអរ ទើបលោកបានអនុវត្តន៍ខ្លួនឯងពីមួយកម្រឹតទៅមួយកម្រិត រហូតដល់ឆ្នាំ២០២១ លឺថាមានគម្រោងCAPFishCapture យើងបានដាក់ពាក្យចូលគម្រោងនេះ។ លោកថា ពេលចូលគម្រោងនេះខ្ញុំមិនដែលគិតថា បានទទួលលិខិតបញ្ជាក់ CQS ល្អបំផុតនោះទេ ប៉ុន្តែខ្ញុំគិតពីគុណភាព សុវត្ថិភាពអតិថិជនជាចំបង។
លោកថា តាំងពីដើមមកដល់ បច្ចុប្បន្នសិប្បកម្មរបស់លោកផ្ដោតទៅលើគុណភាព សុវត្ថិភាព និងការវិចខ្ចប់លើចំណីអាហារ។ ម្ចាស់សិប្បកម្មរូបនេះបញ្ជាក់ថា «មុននឹងអាចមានអតិថិជនគាំទ្រច្រើន និងទទូលបានការទទួលស្គាល់ពីគុណភាពផលិតផល ជាដំបូងយើងត្រូវពង្រឹងគុណភាពរបស់យើងជាមុនសិន ដោយត្រូវគិតទៅលើបញ្ហាសុខភាព ត្រូវតែធានាបានថា នៅពេលដែលអីវ៉ាន់ដល់ដៃអ្នកហូបគ្មានផលប៉ះពាល់ ទាំងការវិចខ្ចប់ និងការទុកដាក់ និងត្រូវឱ្យមានរសជាតិឆ្ងាញ់ ដែលអាចចងចិត្តភ្ញៀវឱ្យជាប់ចិត្ត ទិញម្តងហើយចង់ទិញម្តងទៀត»។
ជាក់ស្ដែងបច្ចុប្បន្នដោយសារតែសិប្បកម្មលោកបានយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព ទទួលបានការទុកចិត្តពីអតិថិជនច្រើន និងការទទួលស្គាល់គុណភាព CQS ផងនោះ ទើបសិប្បកម្មរបស់លោកមានការផ្គត់ផ្គង់ទៅកាន់ទីផ្សារដូចជា ទីផ្សារសុវត្ថិភាព ដៃគូរចែកចាយនានា និងផ្សារទំនើបៗជាច្រើនទៀតផងដែរ។ បើតាមលោក យន់ សំណាង បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់សិប្បកម្មមួយរូប លោកចង់ឱ្យអតិថិជនគិតពីសុវត្ថិភាព បញ្ហាសុខភាពជាចម្បង ពិនិត្យមើលការកែច្នៃនៃចង្វាក់ផលិតកម្មនោះឱ្យបានល្អជាមុនសិនពិសេសគុណភាព សុវត្ថិភាព មិនត្រូវគិតពីតម្លៃ មិនយកចិត្តទុកដាក់ផ្ដោតលើគុណភាពនោះទេ។
បើទោះបីសិប្បកម្មរបស់លោកទទួលបានគាំទ្រពីអតិថិជនក៏ពិតមែន សមត្ថភាពសិប្បកម្មក៏ត្រូវមើលលើតម្រូវការទីផ្សារ និងតម្រូវការអតិថិជន។ លោក យន់ សំណាង បានគូសបញ្ជាក់ថា និយាយជារួមទៅ ក្នុងពេលបច្ចុប្បន្នសិប្បកម្មខ្ញុំអាចផលិតត្រីងៀតបានក្នុង ១ ថ្ងៃ ប្រមាណ ១០០ គីឡូ។ សិប្បកម្មកែច្នៃត្រី សំណាង សុធា ប្រកបរបររកស៊ីនៅក្នុងខេត្តសៀមរាបអស់រយៈកាល២០ឆ្នាំកន្លងមកហើយ ដោយផលិត និងផ្គត់ផ្គង់ត្រីងៀត ត្រីប្រឡាក់ ប្រហុក និងផលិតផលកែច្នៃផ្សេងៗទៀត សម្រាប់ទីផ្សាខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តក្បែរៗនេះ ។ ផលិតផលកែច្នៃទាំងនេះត្រូវបានឈ្មួញកណ្តាលនាំចេញក្រៅផ្លូវការទៅកាន់ទីផ្សាក្រៅស្រុកដូចជាសហរដ្ឋអាមេរិក ណូវ៉ែលហ្សេឡង់ និងអូស្ត្រាលីដែលមានសហគមន៍ជនជាតិខ្មែរកំពុងរស់នៅ។
សិប្បកម្មកែច្នៃផលនិងផលិតផលជលផលរបស់លោក យន់ សំណាង មានទីតាំងនៅភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ បច្ចុប្បន្នសិប្បកម្មមានផលិតជាត្រីងៀត ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រីផាត់ ដោយប្រើប្រាស់ផលនិងផលិតផលជលផលក្នុងស្រុកទាំងស្រុងជាមធ្យមពី ៩០-១០០តោន/ឆ្នាំ។ ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹមនិងប្រជានេសាទនៅមូលដ្ឋានផ្ទាល់។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធវិញ្ញាបនបត្រCQS ជាកាបោះជំហានទៅមុខដ៏សំខាន់មួយរបស់កម្ពុជាក្នុងកាប្រែក្លាយខ្លួនទៅជាជើងក្នុងកាអនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារនិងកាងារនេសាទប្រកបដោយនិរន្តភាពដែលផ្តល់អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់ក្នុងស្រុកនិងពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិផងដែរ។ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល បានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល៕