គម្រោងរបស់អង្គការ UNIDO ជួយសិប្បកម្មកែច្នៃត្រីលោកសួង សោភ័ណ ដើម្បីលើកកម្ពស់គុណភាពចំណីអាហារ
កំពង់ធំ៖ ដោយមានបំណងលើកកម្ពស់គុណភាពចំណីអាហារ និងអនាម័យស្អាតដល់អ្នកផលិត និងដើម្បីប្រកួតប្រជែងលើទីផ្សារផងនោះ គម្រោងមួយរបស់អង្គការ UNIDO ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភថវិការដោយសហភាពអឺរ៉ុប បានសាងសង់ផ្ទះសម្ងួតប្រើពន្លឺព្រះអាទិត្យដល់អ្នកកែច្នៃត្រីសិប្បកម្មលោកសួង សោភ័ណ នៅក្នុងខេត្តកំពង់ធំ។
សង់នៅលើផ្ទៃដីវាលរាបស្មើមួយកន្លែងទំហំ ៦ ម៉ែត្រ គុណនឹង ៨ ម៉ែត្រនិងហ៊ុមព័ទ្ធដោយផ្ទាំងប្លាស្ទិកក្រាស់សថ្លា នោះជាផ្ទះសម្ងួតប្រើពន្លឺ ព្រះអាទិត្យរបស់លោកសួង សោភ័ណ នៅក្នុងភូមិឈើទាល ឃុំកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្នលោក កំពុងប្រើប្រាស់ផ្ទះសម្ងួតដោយប្រើផ្ទាំងកញ្ចក់សូឡាស្រូបកម្ដៅពីបន្លឺព្រះអាទិត្យ ដើម្បីសម្ងួតត្រី។ ផ្ទះសម្ងួតនេះត្រូវបានផ្តល់ដោយគម្រោងរបស់អង្គការ UNIDO ក្នុងបំណង ធ្វើឱ្យចំណីអាហារមានអនាម័យនិងគុណភាពដើម្បីប្រកួតប្រជែងនៅលើទីផ្សារតាមស្តង់ដា។
លោក សួង សោភ័ណ បានអោយដឹងថា លោកចាប់ផ្តើមធ្វើមុខរបរនេះតពីឪពុកម្តាយតាំងពីឆ្នាំ២០១១ មក ដំបូងឡើយលោកកែច្នៃត្រីទៅតាមទម្លាប់ប្រពៃណីទេពោលត្រីងៀត ហាលថ្ងៃធម្មតាដូច្នេះក៏មិនអាចចៀសផុតពីរុយរោមដែរ ខ្វះអនាម័យ ពេលខ្លះភ្លៀងពេលខ្លះខូច ធ្វើអោយយើងខាត់បងពេលខ្លះទៀតគ្មានត្រីដាក់អោយភ្ញៀវ។ លោកបន្តថា «ក្រោយមកសិប្បកម្មរបស់ខ្ញុំបានទទួលបានការគាំទ្រពីគម្រោងឃែបហ្វ៊ីស (Capfish) ជាមួយរដ្ឋបាលជលផលដោយបានជំរុញឱ្យយើងអនុវត្តតាមក្បួនអនាម័យ ជួយជាឧបករណ៍ និងសម្ភារ ដើម្បីជួយសម្រួលដល់ការងារ និងបង្កើនទំនុកចិត្ត គុណភាពត្រីងៀតរបស់យើង ដើម្បីសុខភាពរបស់អ្នកបរិភោគ ហើយសិប្បកម្មរបស់លោកបានធ្វើការប្រមូលទិញត្រីពីកសិករចិញ្ចឹមក្នុងស្រុក តាមតំបន់ជុំវិញទន្លេសាប និងតំបន់ផ្សេងៗ ដោយក្នុង១ថ្ងៃ ប្រមូលទិញបានប្រហែលពី៥០០-៦០០ គីឡូក្រាម ដើម្បីផ្គត់ផ្គង់ទីផ្សារនៅតាមបណ្ដាខេត្តផ្សេងៗ»។
លោកថា «ពេលនេះសិប្បកម្មកែច្នៃត្រីងៀតរបស់ខ្ញុំមានអនាម័យល្អ ធ្វើការលាងសម្អាត ដោយប្រព័ន្ធទឹកចម្រោះទឹកស្អាត និងធ្វើការហាលសម្ងួតក្នុងឡសូឡា ហើយធ្វើការវេចខ្ចប់នៅក្នុងបន្ទប់វិញខ្ចប់ ដោយមានអនាម័យ ហើយនៅមានការវេចខ្ចប់ដោយស្វ័យប្រវត្តិ»។ ដោយឡែកសម្រាប់ការដឹកជញ្ជូនវិញ គឺមានការរក្សាទុកក្នុងទូរជាក់ ដើម្បីរក្សាគុណភាពត្រី។ បន្ទាប់ពីធ្វើរួចរាល់ យើងបានធ្វើការលាងសម្អាត ហើយប្រឡាក់ និងផ្អាប់ចោលរយៈពេល ១យប់ លុះព្រឹកឡើង ក៏ធ្វើលាងសម្អាតវា ហើយយកទៅហាលនៅក្នុងទូរសម្ងួតសូឡា។
លោកបានបញ្ជាក់ថា «ក្រៅពីយកត្រីស្រស់ៗ មកធ្វើហើយគឺមានការលាងសម្អាតដោយប្រព័ន្ធទឹកចម្រុះស្អាត អាចនិយាយបានថាទឹកបរិសុទ្ធជឿជាក់ (ធានាបាន) ថាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគឡើយ។ ហើយការប្រឡាក់ត្រីនេះ ខ្ញុំមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរទេ តែប្រឡាក់ដោយគ្រឿងធម្មតាអំបិល ស្ករ ប៊ីចេង មិនឱ្យវាប៉ះពាល់ដល់សុខភាពអ្នកបរិភោគទេ»៕