សាច់​ត្រី​ទីឡាព្យ៉ា​គុណភាព​ខ្ពស់​របស់សិប្បកម្ម Cambodia Fresh Farm កំពុងតែពេញនិយម និងកំពុងសម្លឹង​ទៅរក​ការនាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស

កណ្តាល៖ សាច់​ត្រី​ទីឡាព្យ៉ា​គុណភាព​ខ្ពស់​ដែល​ផលិត​ដោយសិប្បកម្ម Cambodia Fresh Farm ដោយ​ប្រើប្រាស់​បច្ចេកទេស​ជប៉ុន គឺ​កំពុង​ទទួល​បានកា​គាំទ្រ​ពី​ប្រជាជន​ខ្មែរ និង​ជនបរទេស ហើយ​ក៏​កំពុង​ទទួលបាន​ការបញ្ជា​ទិញ​កាន់តែ​ច្រើន​ពី​អតិថិជន​ជា​ជនបរទេស​ផងដែរ​។

កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដែលមាន​អាយុកាល​៧ ​ឆ្នាំនេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Rainbow Progress Enterprises Co Ltd មាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ជប៉ុន ហើយ​ក៏​ទទួលបាន​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ផងដែរ ដើម្បី​ផ្តល់​ជំនាញ​នៅក្នុង​ការផលិត​សាច់​ត្រី​ទីឡាព្យ៉ា​គុណភាព​ខ្ពស់ ដែល​មាន​លក្ខណៈ​ពាណិជ្ជកម្ម​។

លោក ចាវ សួស្តី ម្ចាស់សិប្បកម្មCambodia Fresh Farm បានអោយដឹងថា បច្ចុប្បន្ន​កសិដ្ឋាន​របស់​យើង​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​ ២១ ​ស្រះ ដោយ​ស្រះ​នីមួយៗ​មាន​ទំហំ​ប្រមាណ ៤០ ​ម x ៤០ ​ម ហើយ​ស្រះ​នីមួយៗ គឺ​យើង​ចិញ្ចឹម​កូន​ត្រី​ទីឡាព្យ៉ា​ប្រមាណ​ ១ ​ម៉ឺន​ក្បាល និង​ទទួលផល​បាន​ប្រមាណ ៣ ​តោន​ក្នុង​ស្រះ​នីមួយៗ​។ លោកពន្យល់ថា «​កូន​ត្រី​ទីឡាព្យ៉ា​របស់​យើង​គឺជា​ប្រភេទ​ពូជ​ត្រី​ក្នុងស្រុក ហើយ​ចិញ្ចឹម​រយៈពេល​ ៦ ​ខែ​គឺ​ត្រី​របស់​យើង​អាច​ចាប់​លក់បាន ដោយ​ក្នុង​ ១ ​ក្បាល​គឺមាន​ទម្ងន់​ចន្លោះ​ពី​ ៥០០ ទៅ ៦០០ ​ក្រាម​។ យើង​មិន​ទុកឱ្យ​វា​ធំ​ជាង​នេះ​ទេ ពីព្រោះ​បើ​វា​ធំ​ពេក​ធ្វើឱ្យ​សាច់​ត្រី​មាន​ខ្លាញ់​ច្រើនពេក និង​មាន​ជាតិ​ទឹក​ច្រើនពេក ដែល​អាច​ធ្វើឱ្យ​សាច់​ត្រី​បាត់បង់​រសជាតិ​»

លោកបន្ថែមថា មុន​ជំងឺ​កូវីដ​ផ្ទុះឡើង​គឺ​យើង​អាច​លក់​សាច់​ត្រី​បាន​ប្រមាណ ៥០០ ទៅ ៦០០ ​គីឡូក្រាម​ក្នុង​ ១ ​ខែ ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​អតិថិជន​ខ្មែរ និង​បរទេស នៅ​តាម​ហាង ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​នានា​។ លោកថា «​យើង​ធានាថា យើង​មាន​ត្រី​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។ មុនពេល​យក​ត្រី​ទៅ​កែច្នៃ​យក​សាច់ គឺ​យើង​ត្រូវ​ចាប់​ត្រី​ចេញ​ពី​ស្រះ ហើយ​រក្សាទុក​ត្រី​នៅក្នុង​ទឹកស្អាត​រយៈពេល​ ៣ ​ថ្ងៃ​ដើម្បី​ឱ្យ​បាត់​ធុំក្លិន​ដី និង​បាត់​ធុំក្លិន​ចំណី​ត្រី ទើបយើងធ្វើការកែច្នៃ​»​។

បើតាមលោក​សួស្តី​ ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ចិញ្ចឹម​តែ​ត្រី​ទីឡាព្យ៉ា​ ១ ​មុខ​ប៉ុណ្ណោះ ពីព្រោះ​វា​ក៏​ជា​ពូជ​ត្រី​ទឹកសាប​ដែល​ពេញនិយម​នៅ​ជប៉ុន និង​អឺរ៉ុប​ដែរ ហើយ​គោលដៅ​របស់​យើង​គឺ​ចិញ្ចឹម​ត្រី​នេះ​ដើម្បី​នាំចេញ គឺ​នាំ​ចេញ​ទៅទីផ្សាអន្តរជាតិ។ លោកថា «ខ្ញុំសង្ឃឹម១០០% ថាឆ្នាំ២០២៤ នេះនឹងអាចនាំចេញទៅក្រៅប្រទេស ព្រោះបច្ចុប្បន្នខ្ញុំយកផលិតផលសាកល្បងទៅប្រទេសជប៉ុន គឺពួកគាត់សប្បាយចិត្ត នឹងរងចាំផលិតផលរបស់កម្ពុជាមួយនេះ​»។

លោក Mitsuhiro Kubota ដែល​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm បាន​ថ្លែងថា​ «​មូលហេតុ​ដែល​យើង​ជ្រើសរើស​យក​ត្រី​ទីឡាព្យ៉ា​ ដោយសារ​តែ​មើលឃើញថា ត្រី​ទីឡាព្យ៉ា​មាន​រសជាតិ​ឆ្ងាញ់​ដូច​ត្រី​ម្យ៉ាង​ដែល​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេងទៀត​បាន​»​។

​បច្ចុប្បន្ន​​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ​មាន​បុគ្គលិក​ និង​កម្មករ​បម្រើ​ការងារ​ជាង​១០ ​នាក់​មាន​ម៉ាស៊ីន​បង្កក និង​ទឹក​សម្លាប់​មេរោគ​ដែល​នាំចូល​មកពី​ប្រទេស​ជប៉ុន ដូច្នេះ​ទើប​ធ្វើឱ្យ​សាច់​ត្រី​មាន​គុណភាព​ និង​មាន​សុវត្ថិភាព​ខ្ពស់ រហូត​ដល់​អាច​បរិភោគ​ឆៅ​បាន​។

សូមបញ្ជាក់ផងដែរថា «កសិដ្ឋានCambodia Fresh Farm ទទួលបានជំនួយគាំទ្រផ្នែកបច្ចេកទេស​ និងសម្ភារពីគម្រោង CAPFISH-Capture ក្រោមថវិកាគាំទ្រដោយ សហភាពអ៊ឺរ៉ុប​។ តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm រំពឹង​ថា​នឹង​ទទួល​បាន​វិញ្ញា​បនប័ត្រ HACCP និងពង្រីកចំណែក ទីផ្សារក្នុងស្រុក អាច​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន និងសហភាពអឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត៕

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

អាចជារូបភាពនៃ 2 នាក់ និង អត្ថបទអាចជារូបភាពនៃ សាស៊ីមី

មិន​មាន​ការពណ៌នា​រូបថត​ទេ។អាចជារូបភាពនៃ នំខូគីម្ស៉ៅធញ្ញជាតិ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds