កម្ពុជា នាំចេញបង្កងកណ្តូបរស់ ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា កម្ពុជា បាននាំចេញបង្កងកណ្តូបរស់ ចំនួន៤៥គីឡូក្រាម ជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ទទួលបានការអនុញ្ញាត ពីរដ្ឋបាលគយចិន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា « កាលម្សិលមិញ យើងបាននាំចេញជាលើកដំបូង នូវបង្កងកណ្ដូប រស់ទៅកាន់ទីផ្សារប្រទេសចិន។ ការនាំចេញលើកដំបូងនេះក្នុងទំងន់ប្រមាណ៤៥គីឡូក្រាម ដែលនាំចេញទៅតាមជើងយន្តហោះ»។
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ក៏បាននាំចេញកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុបចំនួន១០តោន ដែលជាផលិតផលជលផល របស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។
សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា៕