ឈាមស្រែកស្បែកហៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្លន់សម្លាប់គ្រូទាយម្នាក់ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ ស្ដ្រីជនដៃដល់ដែលបានធ្វើសកម្មភាពសម្លាប់ស្ដ្រីគ្រូទាយ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនបានហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅយប់ថ្ងៃទី១៥ ខែកញ្ញានេះ​។

របាយការណ៍បានបញ្ជាក់ថា ការចាប់ខ្លួននេះ ក៏អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឃា​ត់​លេីជនសង្ស័យឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រ​តិ​ប​ត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញណែនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ រួមនិងកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការគរបាលរាជធានីភ្នំពេញ និងអធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

បច្ចុប្បន្នក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលេី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកចំណាត់ការអនុវត្តលេីវិធានការច្បាប់។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ខែកក្តដាឆ្នាំ២០២៣ មានករណីឃាតកម្មទៅលេីស្ត្រីម្នាក់ជាគ្រូទាយដោយប្លន់យកគ្រឿងអលង្ការ នៅចំណុចផ្ទះសំណាក់ហេងពេជ្រ ដែលមានទីតាំងនៅផ្លូវលេខ៨៤ កែងផ្លូវព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds