សិស្សស្រី០១ក្រុមនៅសាលាបាក់ទូកដែលប្រើប្រាសហឹង្សា ត្រូវនគរបាលកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាកែខ្លួន
ភ្នំពេញ៖ បន្ទាប់ពីសាកសួរសិស្សស្រី០១ក្រុមដែលរងការចោទប្រកាន់ជាជើងកាងក្នុងវិទ្យាល័យបាក់ទូក ដែលបានធ្វើហិង្សានិងគំរាមទៅលើសិស្សស្រី០១ក្រុមទៀត មានការភិភ័យមិនហ៊ានចូលរៀនបង្ហោះតាមបណ្តាញព័ត៌មានសង្គម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលវាលវង់ ជាលទ្ធផល សិស្សបង្កក៏ត្រូវសមត្ថកិច្ចអប់រំ និងឱ្យធ្វើកិច្ចសន្យាហើយឱ្យកែខ្លួនជាសិស្សល្អនឹងឱ្យត្រឡប់ទៅផ្ទះដើម្បីចូលរៀនជាធម្មតា។
យោងតាមទំព័រហ្វេសបុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចក៏បានកោះហៅសិស្សស្រីជាប់ពាក់ព័ន្ធចំនួនសរុប១១នាក់សុទ្ធតែនៅជាអនីតិជនឱ្យចូលខ្លួនមកបំភ្លឺ។ ក្នុងចំណោមទាំងសិស្ស១១នាក់គឺមានសិស្សស្រី០៧នាក់ដែលអ្នកបង្ក ចំណែកសិស្ស០២នាក់ជាអ្នករងគ្រោះ និង០៤នាក់ទៀតជាសាក្សី។ បើតាមការពិនិត្យ គឺពួកគេមិនមែនជាក្មេងទំនើងនោះទេ។
ក្រោយធ្វើការសាកសួរគឺរវាងសិស្សទាំង០២ក្រុមជាមិត្តភក្តិរៀនថ្នាក់ជាមួយគ្នា ពួកគេមានទំនាស់ដោយសារពាក្យសំដីឌឺដងដាក់គ្នា ឃ្លីបវីដេអូបង្ហោះនោះបានកើតឡើងកាលពីថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។ ជាមួយគ្នានោះសមត្ថកិច្ចក៏បានកោះហៅអាណាព្យាបាលទាំងសងខាងដើម្បីសម្របសម្រួល ហើយក៏មានវត្តមានអាជ្ញាធរខណ្ឌ សង្កាត់ នាយកសាលា ជាលទ្ធផល គឺដោយមានការសំណូមពរពីអាណាព្យាបាលសិស្សស្រីបង្កធានាអប់រំកូនឱ្យបានល្អ និងយោងទៅលើពួកគេកំពុងនៅវ័យសិក្សាអនាគតវែងឆ្ងាយ ភាគីអាណាព្យាបាលសិស្សស្រី និងសាម៉ីខ្លួនរងគ្រោះក៏បានយោគយល់សម្របសម្រួលដោះស្រាយដោយសន្តិវិធី។ ចំពោះសិស្សបង្កក៏ត្រូវសមត្ថកិច្ចអប់រំ និងឱ្យធ្វើកិច្ចសន្យាហើយឱ្យកែខ្លួនជាសិស្សល្អនឹងឱ្យត្រឡប់ទៅផ្ទះដើម្បីចូលរៀនជាធម្មតា៕