ថ្ងៃនេះ ចិនដឹកសម្ភារៈសម្រាប់ត្រៀមធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពកម្ពុជា

ភ្នំពេញ៖ ដើម្បីត្រៀមធ្វើសមយុទ្ធសុខាភិបាលយោធាជាមួយកងទ័ពកម្ពុជា ដែល​មានឈ្នោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»រយៈពេល១៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប យន្តហោះសុខាភិបាល សិក្ខាកាមជាយោធិន និងសម្ភារពេទ្យជាច្រើនទៀត​របស់កងទ័ពរំដោះប្រជាជនចិន ​បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាព-២០២៣ បានបង្ហាញជំនឿជឿជាក់ថា តាមរយៈសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងទ័ពកម្ពុជា-ចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នឹងធ្វើឱ្យកងយោងធពលខេមរភូមិន្ទ កាន់តែមានបទពិសោធន៍ និងសមត្ថភាពបន្ថែមទៀត ដើម្បីបម្រើជាតិមាតុភូមិ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា បានឱ្យដឹងថា សម្ភារសម្រាប់ចូលរួមធ្វើសមយុទ្ធនេះ គឺដឹកតាមយន្តហោះ ៤គ្រឿង គឺ Y-19 មួយគ្រឿង, Y-20 បីគ្រឿង ក្នុងនោះមានរថយន្តសង្គ្រោះ ៣គ្រឿង រួមនឹងសម្ភារបរិក្ខារសុខាភិបាល សម្ភារសង្គ្រោះចំនួន ១០០០ឈុតជាដើម។ សមយុទ្ធនេះខាងកងទ័ពកម្ពុជា មានកម្លាំងចូលរួមចំនួន ៥៩៥នាក់ ដោយឡែកភាគីចិន មាកងទ័ពចូលចំនួន២៦៩នាក់។

សូមបញ្ជាក់ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននេះ គឺដើម្បីអបអរសាទរខួបលើក​ទី៦៥ឆ្នាំ​ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន ដើម្បីលើកកម្ពស់សមត្ថភាព,ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឲ្យ​ប្រកប​ដោយ​ប្រសិទ្ធភាពជាដើម។

សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន​ជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរ​បានកំណត់យក​ប្រធាន​បទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌​អន្តរជាតិរួមគ្នា ​នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។

ក្រៅពីធ្វើសមយុទ្ធសុខាភិបាលរួមគ្នាជាមួយកងទ័ពកម្ពុជានោះ ​កងទ័ពរំដោះប្រជាជនចិនក៏នឹង មាន​គម្រោងធ្វើកិច្ចការមនុស្សធម៌​ដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ​ដោយកិច្ចការមនុស្សធម៌​នេះ​នឹងចុះព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ​និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ​ខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds