អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ៖ដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិនសំខាន់ៗ និងជួបជាមួយបណ្ដាក្រុមហ៊ុនវិនិយោគ

ភ្នំពេញ ៖ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានអោយដឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិនសំខាន់ៗ និងទទួលជួបជាមួយបណ្ដាក្រុមហ៊ុនវិនិយោគ និងធុរជនចិនផងដែរ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងមានកម្មវិធីសំខាន់ៗមួយចំនួន ដូចជាជួបសម្ដែងការគួរសមជាមួយលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន, ជំនួបទ្វេភាគីជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការមួយចំនួន, ជួបសម្ដែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេ​ជ ចន្ទ​មុន្នី ក៏នឹងអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ នៅទីក្រុងប៉េកាំង ផងដែរ។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងទទួលជួបសម្ដែងការគួរសមជាមួយបណ្ដាក្រុមហ៊ុន និងធុរជនចិនមួយចំនួនទៀតដែរ។ ក្រៅពីកម្មវិធីជំនួបនានាខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏នឹងចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ហើយពេលល្ងាចក៏នឹងមានពិធីជប់លៀងអាហារពេលល្ងាច ដែលរៀបចំដោយធុរជនចិន ផងដែរ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនលើកដំបូង ក្នុងនាមជានាយករដ្ឋមន្ត្រី។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds