គ.ជ.ប ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣នេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍។
លោក នុត សុខុម អនុប្រធាន គ.ជ.ប បានអោយដឹងថា ដូចដែល គ.ជ.ប បានធ្វើជារៀងរាល់ឆ្នាំ ស្របតាមច្បាប់ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ បើតាមអនុប្រធាន គ.ជ.ប បានឲ្យដឹងបន្តថា ដើម្បីធានាឲ្យបានជោគជ័យលើការងារនេះ គ.ជ.ប បានរៀបចំ ចាត់ចែង និងដាក់ចេញនូវសកម្មភាពជាច្រើន តាមដំណាក់កាលនីមួយៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដោយផ្អែកតាមច្បាប់ បទបញ្ជា នីតិវិធី និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានអំពាវនាវដោយទទូចចំពោះប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺកើតមុន ឬត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ខាងមុខនេះ នៅតាមសាលាឃុំ-សង្កាត់ ឬ/និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ឆ្នោត ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
សូមជម្រាបដែរថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ ២០២២ មានចំនួន ៩,៧១០,៦៥៥ នាក់។ ក្នុងនោះ ស្ត្រីមានចំនួន ៥,១៦១,៩០៩នាក់។ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ៕