១ យប់សមត្ថកិច្ចក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជន ជាង៤០នាក់ ពេលចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍ នៅពេលយប់
បន្ទាយមានជ័យ៖ ក្នុង១យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ ក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យអ្នកធ្វើចរាចរណ៍ នៅពេលយប់ ដើម្បីធ្វើតេស្ត រកសារធាតុញៀន ជាតិស្រវឹង និងក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ។ ក្នុងប្រត្តិបត្តិការណ៍នោះ សមត្ថកិច្ចឃាត់បានយុវជន និងយុវនារី ចំនួន ៤២ នាក់ និងម៉ូតូ ២៣ គ្រឿង ក្នុងនោះ មានម៉ូតូកែច្នៃសុីម៉ាំង លាន់ឮខ្លាំង មានចំនួន ២ គ្រឿង និងអ្នកពាក់ព័ន្ធ បទល្មើសចំនួន ៦ នាក់, បទល្មើសគ្រឿងញៀន ៤នាក់។ ពួកគេត្រូវនាំយកមកអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ ដើម្បីធ្វើការអប់រំ និងបំពេញនីតិវិធីនានា ។
លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកម្លាំងនគរបាលក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ចុះធ្វើការត្រួតពិនិត្យអ្នកធ្វើចរាចរណ៍នៅពេលយប់ ដើម្បីធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង ក្មេងទំនើង នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រក្រុង នៃខេត្តបន្ទាយមានជ័យ គឺដើម្បីរឹតបន្តឹងច្បាប់ អ្នកធ្វើដំណើរ នៅពេលយប់ ព្រោះរយៈពេលកន្លងមក មានក្រុមក្មេងទំនើង បង្កចលាចលពេញក្រុង សិរីសោភ័ណ មានកាប់ចាក់គ្នាជាក្រុមៗ ក្នុងនោះ ក៏មានក្មេងបង្ហោះម៉ូតូ និងដាក់សុីម៉ាំង បំពងសំលេងឮខ្លាំងៗ នៅពេលយប់ទៀតផង។
លោកបន្តទៀតថា កម្លាំងបានចុះត្រួតពិនិត្យ អ្នកធ្វើចរាចរណ៍ នៅពេលយប់នេះ ពិនិត្យអ្នកបើកបររថយន្ត អ្នកជិះម៉ូតូ ធ្វើតេស្តរកសារធាតុញៀន និងជាតិស្រវឹង តាមរយៈការធ្វើតេស្តទឹកនោម និងឧបករណ៍ពិនិត្យជាតិអាល់កុល ។ ប្រតិបត្តិការនេះ សង្ឃឹមថា អ្នកធ្វើចរាចណ៍នៅពេលយប់ នឹងជួយរួមចំណែកជាមួយ សមត្ថកិច្ច ដើម្បីកាត់បន្ថយនូវ ភាពចលាចល បង្កអសន្តិសុខ ក្នុងសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ជាញឹកញាប់ បង្កឲ្យមានមនុស្សស្លាប់ របួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់ជាច្រើន ដែលយើង ទាំងអស់គា្ន គួររួមគិត រួមធ្វើ ដើម្បីទប់ស្កាត់ឲ្យបទល្មើសនេះ មានការថយចុះ ។
ក្រោយពីបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា លើកទី១ កម្លាំងនគរបាលអធិការដ្ឋានក្រុងសិរីសោភ័ណ បានឲ្យពួកគាត់វិលត្រឡប់ ទៅផ្ទះរៀងៗខ្លួនវិញ។ តែជនពាក់ព័ន្ធបទល្មើស និងបទគ្រឿងញៀន ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕