អគ្គស្នងការ សម្រេចដកហូតមុខតំណែង មេប៉ុស្តិ៍សំព្រោជ អោយមកជាមន្ត្រីធម្មតា

ភ្នំពេញ៖ បន្ទាប់ពីមានការដាក់ចេញ នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអោយឲ្យអគ្គស្នងការនគរបាលជាតិ ពិនិត្យស្រាវជ្រាវចំពោះការតែងតាំងមេប៉ុស្តិ៍ នៅរដ្ឋបាលឃុំសំព្រោជ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យដោយសម្រេចដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង ឲ្យមកជាមន្ដ្រី។

ក្នុងសម្រេចរបស់នាយឧត្តមសេនីយ៍ ស ថេត ដែលបណ្ដាញព័ត៌មាន Fast News ទទួលបានបញ្ជាក់ថា ការសម្រេចដក ហូតមុខតំណែង លោកអនុសេនីយ៍ឯក ហុក សារ៉ុម ដោយសារមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ បានចេញលិខិតបង្គាប់ការផ្អាកការងារបណ្ដោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្រុកស្ទោង ដែលធ្លាប់ពាក់ព័ន្ធករណីប្លន់ទូមាស កាលពីឆ្នាំ២០១៥។

គួរជម្រាបថា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់តាមតេឡេក្រាមបែបនេះ «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋនិងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម។

ខ្ញុំសូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ»អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds