ផ្អាកការងារមេប៉ុស្តិ៍​នៅស្រុកស្ទោង ចំណែក​អធិការ​ត្រូវបានដកមកបញ្ឈរជេីងនៅស្នងការខេត្ត​

ភ្នំពេញ៖ បន្ទាប់ពីមានការដាក់ចេញ នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវចំពោះការតែងតាំងមេប៉ុស្តិ៍ នៅរដ្ឋបាលឃុំសំព្រោជ ពេលនេះ មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ខណៈការតែងតាំងមេប៉ុស្ដិ៍រូបនេះមានភាពមិនប្រក្រតី ព្រោះធ្លាប់មានប្រវត្តិមិនល្អដោយពាក់ព័ន្ធករណីប្លន់នាពេលកន្លងមក។ នេះបើយោងតាមលិខិតបង្គាប់ការ ស្ដីពី ការផ្អាកបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល។អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញលិខិតបង្គាប់ការ ស្ដីពី ការផ្អាកបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល ដោយបានសម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម ​អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ មូលហេតុ ពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការ។ ចំពោះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផងដេរ។

តាមរយៈទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យពិនិត្យស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។ សម្តេច ក៏បានស្នើឲ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំងនៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds