មេប៉ូលិសខេត្តកំពតនិងបាត់ដំបងប្រកាសចុះចាប់ប្រមូលក្រុមក្មេងទំនើងដែលបង្កអនាធិបតេយ្យនៅពេលរាត្រី
លោក ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានប្រកាសថានឹងចាត់វិធានការចុះប្រមូលចាប់ក្មេងទំនើង ឬក្មេងស្ទាវណា ដែលបង្កអនាធិបតេយ្យនៅពេលយប់។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តបាត់ដំបង។
សម្រាប់លោក ម៉ៅ ច័ន្ទធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា ចាប់ពីយប់ថ្ងៃទី០៧ ខែកញ្ញាតទៅ រាប់ចាប់ពីម៉ោង២ទាបភ្លឺ កម្លាំងនគរបាលខេត្តកំពតនឹងចុះចាប់ក្រុមក្មេងទំនើងប្រមូលយកទុកឱ្យសម្រាក់នៅតាមអធិការដ្ឋាននគរបាល ដើម្បីឱ្យឪពុកម្ដាយរបស់ពួកគេទៅធានាទើបអាចបានទៅផ្ទះវិញ។ វិធានការនេះ លោកស្នងការនគរបាលខេត្តកំពតអះអាងថា នឹងអនុវត្តនៅទូទាំង៩ក្រុងស្រុកក្នុងខេត្តកំពត។
ចំណែកឯ លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់មន្រ្តីនគរបាលក្នុងការិយាល័យជំនាញ និងអធិការនគរបាលក្រុងស្រុកទាំងអស់ ឱ្យចាត់វិធានការប្រមូលក្រុមក្មេងស្ទាវ ឬក្មេងទំនើង ដែលបង្កអនាធិបតេយ្យនៅពេលយប់ក្នុងមូលដ្ឋានចាប់ពីថ្ងៃទី០៨កញ្ញាតទៅ។ លោកបានបញ្ជាឱ្យនាំខ្លួនក្មេងទំនើងទាំងនោះ ទៅកាន់អង្គភាពនគរបាល ដើម្បីសាកសួរស្រាវជ្រាវ ហើយបើក្នុងករណីរកឃើញថា មានអ្នកល្មើសច្បាប់ នោះសមត្ថកិច្ចនគរបាលត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ លោក សាត គឹមសាន អះអាងទៀតថា បទបញ្ជារបស់លោក គឺដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខេត្តបាត់ដំបងទាំងមូល និងជាពិសេសដើម្បីដោះស្រាយបញ្ហាដែលតែងបង្កឡើងដោយក្រុមក្មេងៗទំនើង។
គួរឱ្យដឹងថា នៅមួយរយៈពេលចុងក្រោយនេះ បញ្ហាក្រុមក្មេងទំនើងកំពុងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរបរទេសនៅតាមភូមិសាស្រ្តខេត្តមួយចំនួន និងនៅរាជធានីភ្នំពេញ។ ក្រុមក្មេងទំនើងទាំងនោះ បានបង្កជាអំពើហិង្សានៅតាមទីសាធារណៈ ធ្វើឱ្យមានបញ្ហាអសន្តិសុខសង្គម ហើយករណីខ្លះពួកគេឈានរហូតដល់បាញ់ ឬគប់កញ្ចក់រថយន្តនៅតាមផ្លូវថែមទៀត និងក្រុមក្មេងទំនើងខ្លះនាំគ្នាបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ។ កន្លងមក សមត្ថកិច្ចតែងតែបានចុះបង្រ្កាប និងចាប់ខ្លួនក្រុមក្មេងទំនើង ឬក្មេងស្ទាវទាំងនោះជាបន្តបន្ទាប់ ប៉ុន្តែបញ្ហាក្រុមក្មេងទំនើងក៏បន្តកើតឡើងដូចគ្នា៕